ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លើមាតិកា និងសម្ភារៈអប់រំផ្សព្វផ្សាយ យុទ្ធនាការ “គន្លឹះចិញ្ចឹមកូន” ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងបញ្ចប់អំពើហិង្សាលើកុមារ និងសម្រេចបាននូវចក្ខុវិស័យរួមដែលធានាបាននូវសុវត្ថិភាព ស្ថិរភាព និងការចិញ្ចឹមបីបាច់កុមារនិងការប្រាស្រ័យទាក់ទងប្រកបដោយការគោរពរវាងកុមារនិងឪពុកម្តាយ និងអ្នកថែទាំកុមារ ម៉ោនៅសាលពហុបំណងរបស់ ផ្សារអីអនម៉លសែនសុខ (ជាន់ទី៣) ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍ថា កុមារជាច្រើននៅប្រទេសកម្ពុជាបានជួបប្រទះអំពើហិង្សាក្នុងបរិបទផ្សេងៗ ដូចជា នៅផ្ទះ សាលារៀន និងមណ្ឌលថែទាំកុមារ។ យោងតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវឆ្នាំ២០១៣ ស្តីពីអំពើហិង្សាលើកុមារ ក្នុងប្រទេសកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា កុមារដែលមានអាយុចាប់ពី០ឆ្នាំ ដល់ក្រោម១៨ឆ្នាំជាងពាក់កណ្ដាល ធ្លាប់ជួបប្រទះទម្រង់មួយចំនួននៃអំពើហិង្សា ហើយទទួលរងផលប៉ះពាល់អវិជ្ជមានជាច្រើនពីសំណាក់ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន អ្នកថែទាំ និងអ្នករស់នៅជុំវិញខ្លួន ដូចជា ការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ ឬការមិនយកចិត្តទុកដាក់ជាដើម។ អំពើហិង្សាមានផលប៉ះពាល់ធ្ងន់ធ្ងរលើជីវិតកុមារ និងក្ដីសង្ឃឹមពេលអនាគត។
ឯកឧត្តម ឈួរ សុបញ្ញា បានបញ្ជាក់ថា ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើយុទ្ធនាការ “គន្លឹះចិញ្ចឹមកូន” នេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាជំហានដ៏សំខាន់ក្នុងការធានាថាកុមារត្រូវបានចិញ្ចឹមបីបាច់ដោយមិនប្រើទម្រង់ណាមួយនៃអំពើហិង្សា ហើយគិតគូរពីឧត្តមប្រយោជន៍របស់កុមារ។ ឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ យល់ដឹងពីការចិញ្ចឹមកូនបវិជ្ជមាបែបដោយរៀបចំគោលដៅយូរអង្វែង ផ្ដល់ក្ដីស្រឡាញ់ ផ្តល់ភាពកក់ក្តៅ មានដែនកំណត់ ការយល់អំពីការគិត និងអារម្មណ៍ ការដោះស្រាយបញ្ហា ការប្រាស្រ័យទាក់ទងប្រកបដោយការគោរព និងបរិយាកាសគ្រួសារដែលកុមារគ្រប់រូបអាចអភិវឌ្ឍក្លាយទៅជាប្រជាពលរដ្ឋមានសុខភាពល្អ មានការគោរព និងមានផលប្រយោជន៍ដល់សង្គមជាតិ។ អំពើហិង្សាលើកុមារ មិនមែនជារឿងដែលមិនអាចបង្ការទប់ស្កាត់មិនបាននោះទេ ពោលគឺ បើយើងដោះស្រាយឫសគល់នៃអំពើហិង្សា និងការផ្លាស់ប្តូរឥរិយាបថបុគ្គលបាន នោះសង្គមយើងពិតជាគ្មានអំពើហិង្សាទៀតទេ។
ដើម្បីពង្រឹងផ្លូវចិត្តកូនឱ្យកាន់តែរឹងមាំឪពុកម្តាយ និងអាណាព្យាបាលគួរមានដូចជា៖
ទី១៖ ជួយពួកគេបង្កើនភាពជឿជាក់លើខ្លួនឯង៖ ទំនុកចិត្ត និងសមត្ថភាពលើកទឹកចិត្តខ្លួនឯង ជាទិដ្ឋភាពសំខាន់ នៃការពង្រឹងផ្លូវចិត្តឬការកសាងផ្លូវចិត្តឱ្យរឹងមាំ មានន័យថា កូនរបស់អ្នកមិនគួរពឹងផ្អែកអ្នកដទៃដើម្បីបង្កើតអារម្មណ៍វិជ្ជមានខ្លួនឯងនោះទេ។ អ្នកអាចជួយកុមារឱ្យមានថាមពល និងភាពជឿជាក់លើខ្លួនឯង ដោយបង្រៀនពួកគេ នូវឃ្លាខ្លីៗ ដដែលៗ ត្រូវធ្វើសកម្មភាពដោយទំនុកចិត្ត ជាដើម។
ទី២៖ បង្ហាញពួកគេពីតម្លៃនៃការធ្វើអ្វីដែលពិបាក៖ ការទទួលយកឧបសគ្គដ៏លំបាកមួយ អាចបង្រៀនពួកគេនូវមេរៀន។
ទី៣៖ រក្សាផ្នត់គំនិតសុទិដ្ឋិនិយម៖ អាកប្បកិរិយាម្ដាយឪពុក មានសារៈសំខាន់ណាស់សម្រាប់កូនយកជាគម្រូតាម។
ទី៤៖ បង្រៀនកូនអំពីរបៀបនិងពេលវេលា ដែលត្រូវសុំទោស៖ ទិដ្ឋភាពសំខាន់នៃការកសាងផ្លូវចិត្តរឹងមាំ គឺភាពឆ្លាតវៃផ្លូវអារម្មណ៍ ក្នុងការយល់ចិត្តអ្នកដទៃ និងការស្គាល់ខ្លួនឯងច្បាស់ ៕









