ភ្នំពេញ៖ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារបានសហការគ្នាយ៉ាងសកម្ម ក្នុងការរៀបចំវេចខ្ចប់សម្ភារប្រើប្រាស់ និងស្បៀងអាហារ ដែលជាអំណោយបានមកពីការបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនិងមន្ទីរ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងពីសប្បុរសជននានា ដើម្បីត្រៀមយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវតិ្ថភាព។
សូមជម្រាបថា សប្បុរសជន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងនិងមន្ទីររាជធានីខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាប បានចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំ ជាថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ ឆ្លើយតបតាមការអំពាវនាវរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជាការចែករំលែកនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងស្មារតីសមរភូមិក្រោយ ជួយសមរភូមិមុខ និងស្មារតីខ្មែរជួយខ្មែរ ៕




















