ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធសព វីរយុទ្ធជន ព្រឹន្ទបាលឯក ភាព សោភណ្ឌ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់នឹងកងកម្លាំងថៃឈ្លានពានដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សពត្រូវបានបញ្ជូនតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង ៨:៤០នាទីយប់ ស្ថិតនៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ឯកឧត្តមប្រធានក្រុមការងារ បានចាត់ទុកថា ការបាត់បង់ វីរយុទ្ធជនព្រឹន្ទបាលឯក ភាព សោភណ្ឌ គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ៕











