ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ


ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ ចំនួន៩០នាក់ ចុះពិនិត្យព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលអញ្ជើញមកពី ៩ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ នៅមន្ទីពេទ្យបង្អែកខេត្តដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន។ 


កម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំរួមមាន៖ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា ឯកឧត្តម ថា យ៉ាវ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម នង វាសនា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ យស ថានារី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។


ឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថា ក្នុងនាមអ្នកតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។  


ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថាថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដែលបានចុះមកពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅនៅខេត្តកំពង់ធំដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈឡើយ គឺក្នុងគោលបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ 


ជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ដែលសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដោយផ្ទាល់ នៅក្នុងខេត្តកំពង់ធំនាពេលនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ឯកឧត្តម លោកជំទាវតំណាងរាស្ត្រក្នុងខេត្តកំពង់ធំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៃសាធារណរដ្ឋកូរ៉េ និងក្រុមការងារកម្មវិធីអ្នកតំណាងរាស្រ្ត ដេីម្បីសុខភាពប្រជាជន ព្រមទាំងក្រុមការងារខេត្តកំពង់ធំ ផងដែរ។ 


សូមបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េបានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ដោយគិតត្រឹមថ្ងៃទីពីរនេះមានបងប្អូនប្រជាពលរដ្ឋចំនួន ២,៥៧៨នាក់ មកទទួលការពិនិត្យ និងព្យាបាលជម្ងឺ ៕













Previous Post Next Post