ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហា ម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ (58 AMM and Related Meetings) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាន នៅចំពោះមុខស្ថានការណ៍តំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ។ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអាស៊ាននឹងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីជាដៃគូសន្ទនា លើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់ និងផល ប្រយោជន៍រួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ៕



