រដ្ឋមន្ត្រីសុខាភិបាល៖ «យើងទាំងអស់គ្នាជាក្រុមគ្រូពេទ្យ គឺជាកងទ័ពស្ងប់ស្ងាត់ឈរជើងនៅជួរក្រោយ រង់ចាំជួយគាំទ្រកងទ័ពប្រយុទ្ធនៅជួរមុខ»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីសុខាភិបាល៖ «យើងទាំងអស់គ្នាជាក្រុមគ្រូពេទ្យ គឺជាកងទ័ពស្ងប់ស្ងាត់ឈរជើងនៅជួរក្រោយ រង់ចាំជួយគាំទ្រកងទ័ពប្រយុទ្ធនៅជួរមុខ»


ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការត្រៀមខ្លួនគាំទ្រផ្នែកសេវាសុខភាព និងសង្គ្រោះបន្ទាន់ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកំពុងផ្ទុះអាវុធ។


មុននឹងចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍មោទនភាព ចំពោះវីរកងទ័ពនៅសមរភូមិជួរមុខរបស់កម្ពុជា ដែលបានលះបង់គ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដី។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យថ្នាក់ជាតិដែលជាសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបចំចាត់ចែងក្រុមគ្រូពេទ្យ សម្ភារ និងបរិក្ខារ រួចជាស្រេច និងបានកំពុងចេញដំណើរឆ្ពោះទៅខេត្តទីតាំងរៀងៗខ្លួន ដើម្បីត្រៀមជួយគាំទ្រ ដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅទីនោះ ករណីជាយថាហេតុណាមួយកើតឡើង។


កិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដាក់ចេញនូវចំនុចអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ដូចខាងក្រោម៖


-មន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការរៀបចំក្រុមគ្រូពេទ្យ និងសម្ភារបរិក្ខារ សម្រាប់ចេញដំណើរទៅតាមតំបន់ព្រំដែន ដើម្បីត្រៀមជួយគាំទ្របន្ថែមក្នុងករណីចាំបាច់។


-រៀបចំវិធីសាស្រ្តឱ្យមានការទំនាក់ទំនងគ្នាជាប់ជានិច្ច ក្នុងគោលបំណងបញ្ជូន និងទទួលព័ត៌មានអំពីស្ថានភាពនៅសមរភូមិជួរមុខបានឆាប់រហ័យ។


-ពង្រឹងការយកចិត្តទុកដាក់ចំពោះការឆ្លើយតបបន្ទាន់ ទាំងការជួយសង្រ្គោះបឋម និងការបញ្ជូន។


-ពង្រឹងយន្តការគាំពារសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាលខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត។


-ពង្រឹងនូវគុណភាពសេវាសង្គ្រោះ និងរក្សាអនាម័យ ទៅតាមស្តង់ដារ ទោះបីស្ថិតក្នុងស្ថានភាពអាសន្ន។


-ត្រូវមានយន្តការផ្តល់ព័ត៌មាន និងរបាយការណ៍ច្បាស់លាស់ មកក្រសួងសុខាភិបាល។


-នៅតាមឃ្លាំងឱសថកណ្តាល និងខេត្ត ត្រូវពិនិត្យ និងរៀបចំរួចជាស្រេចនូវ សម្ភារ បរិក្ខារ ឱសថ ចាំបាច់ និងសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទៅមូលដ្ឋានសុខាភិបាល និងក្រុមគ្រុពេទ្យនៅតាមតំបន់ព្រំដែន កុំឱ្យមានការខ្វះខាត។


-មន្ទីរសុខាភិបាលរាជធានី ខេត្ត ចាត់ចែងរៀបចំក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្លាស់ប្តូរវេន ជាមួយក្រុមគ្រូពេទ្យដែលនៅប្រចាំការតាមតំបន់ព្រំដែន ក្នុងករណីមានតម្រូវការ។


-នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក ទាំងអស់ត្រូវរៀបចំបែងចែកក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងរបស់ខ្លួន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋជាធម្មតា និងរង់ចាំទទួលជួយសង្រ្គោះ។


ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពជូនទៅដល់វីរកងទ័ពកម្ពុជាដែលឈរជើងនៅសមរភូមិជួរមុខ ជាពិសេសនៅតំបន់ដែលផ្ទុះអាវុធ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជ័យជំនះ គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ ផ្តាំផ្ញើការសួខសុខទុក្ខ និងជូនពរដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅតាមតំបន់ព្រំដែន និងក្រុមគ្រូពេទ្យចេញដំណើរជួយគាំទ្របន្ថែម ជួបតែសុខសុវត្ថិភាពទាំងអស់គ្នា។


ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) ៕























Previous Post Next Post