ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ដោយមានការចូលរួមពី សាស្រ្តាចារ្យ អ្នកជំនាញជាតិ និងអន្តរជាតិជាង៤០រូប មកពី៩ប្រទេសផ្សេងគ្នា រយៈពេល២ថ្ងៃ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការថ្លែងអំណរគុណវត្តមានដ៏មានតម្លៃរបស់អ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់ខ្លួន និងរួមគ្នាបង្កើតឡើងនូវអនាគតមួយដ៏ភ្លឺស្វាង សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ ដែលនឹងក្លាយជាផ្នែកមួយ សម្រាប់លើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា ក្នុងតំបន់និងអន្តរជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចអំពីភាពចាំបាច់ នៃការងារស្រាវជ្រាវ នវានុវត្តន៍ ដើម្បីការលើកម្ពស់សុខភាព និងទប់ស្កាត់ការប៉ះពាល់សុខភាព តាមរយៈការគិតគូរ ប្រកបដោយភាពបុរេសកម្ម ការពារ និងទប់ស្កាត់ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នា លើតម្រូវការចាំបាច់ សម្រាប់ការសិក្សាស្រាវជ្រាវ ទាំងជំងឺមិនឆ្លងនិងជំងឺឆ្លង ដោយបង្ហាញនូវបទពិសោធន៍ទំនាក់ទំនងនៃជំងឺកូវីដ-១៩ លើបុគ្គលដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនជាដើម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ដែលជាមណ្ឌលស្រាវជ្រាវជាតិ និងជាចំណែកមួយ នៃការស្រាវជ្រាវសុខភាពសកល ដើម្បីធ្វើឱ្យប្រសើរឡើង ក្នុងវិស័យសុខាភិបាល និងកំណត់អាទិភាពសុខាភិបាលចាំបាច់ ដែលនឹងជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយសុខាភិបាល ឆ្លើយតបនឹងតម្រូវការសុខភាពជាក់ស្តែង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹងថា មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ ដែលនឹងដើរតួយ៉ាងសំខាន់ ដូចខាងក្រោម៖
១-ជាមជ្ឈមណ្ឌលកណ្តាលមួយ (Hub) សម្រាប់ស្វែងរក និងសំយោគនូវចំណេះដឹងសុខភាពថ្មីៗបំផុតលើសកលលោក សម្រាប់ជួយជាធាតុចូលដ៏សំខាន់ជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពអន្តរជាតិនានា យកទៅរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ត សម្រាប់ដោះស្រាយបញ្ហាសុខភាពបន្ទាន់ និងចាំបាច់បំផុតរបស់យើង រួមមានទាំង ជំងឺឆ្លង ជំងឺមិនឆ្លង និងការគំរាមកំហែងសុខភាពជាសកល ដែលកំពុងកើតឡើង។
២-ជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងកសាងធនធានអ្នកស្រាវជ្រាវជំនាន់ថ្មី ដែលមានពហុជំនាញនិងចេះធ្វើការជាក្រុម ដែលមានកម្រិតស្តង់ដាអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលក្នុងពេលបំពេញការងារ ជាប្រចាំដល់អ្នកស្រាវជ្រាវទាំងនោះ ឱ្យអនុវត្តជាក់ស្តែងក្នុងគម្រោងស្រាវជ្រាវផ្សេងៗ ដោយផ្អែកលើគោលការណ៍កិច្ចសហការ និងសហប្រតិបត្តិការជាតិ និងអន្តរជាតិប្រកបដោយនិរន្តរភាពនិងចីរភាព។
៣-ជា Platform មួយដែលមានគណនេយ្យភាព និងធានានូវប្រសិទ្ធភាពខ្ពស់ ក្នុងការសម្របសម្រួលជាមួយគ្រប់ដៃគូជាតិ និងអន្តរជាតិ លើការងាររៀបចំ និងដំណើរការការងារស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល តាមរយៈការពង្រឹងភាពជាដៃគូរវាងអង្គភាពបណ្តុះបណ្តាល មន្ទីរពេទ្យជាតិ មូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអន្តរជាតិនានា ដើម្បីបង្កើតជាកម្លាំងរួមបញ្ចូលគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការស្រាវជ្រាវ និងនវានុវត្តន៍។
៤-ជាមជ្ឈមណ្ឌលមួយដែលស្វែងយល់ពីសក្តានុពលនៃសុខភាពឌីជីថល និងបច្ចេកវិទ្យាទំនើបថ្មីៗ និងចាប់យកសក្តានុពលទាំងឡាយនៃការវិវឌ្ឍទាំងនោះឱ្យអស់លទ្ធភាព ដើម្បីជួយរៀបចំជាគំរូដើម (Prototype) ជូនដល់ក្រសួងសុខាភិបាល ក្នុងទិសដៅ ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាបម្រើសុខភាពជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានសេវាសុខាភិបាលឡើយ។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍បន្ថែម ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយ ១). បន្តអនុវត្តការងារប្រកបដោយភាពនវានុវត្តន៍ ព្រោះនវានុវត្តន៍ នឹងមិនមានទីបញ្ចប់ទេ, ២). បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីកៀងគរធនធាន ទាំងថវិកា និងជំនួយបច្ចេកទេស ដើម្បីពង្រឹងបន្ថែមការងារបណ្តុះបណ្តាល និងការងារស្រាវជ្រាវរបស់សាកលវិទ្យាល័យ និង ៣). ពង្រឹងការងារស្រាវជ្រាវ ឆ្លើយតបនឹងតម្រូវការសុខភាពនៃប្រទេសកម្ពុជា តំបន់និងសាកលលោក ដោយគោរពក្រមសីលធម៌ស្រាវជ្រាវ ព្រមទាំងត្រូវមានតម្លាភាព និងនិរន្តរភាព។
លោកសាស្រ្តាចារ្យ Roger Glass នាយកមូលនិធិ China Medical Board (CMB) បានសម្តែងនូវការប្តេជ្ញាចិត្ត ចូលរួមគាំទ្រសាកលវិទ្យាល័យវិទ្យាសាសាស្រ្តសុខាភិបាល ជាមួយដៃគូអភិវឌ្ឍទាំងអស់ ដើម្បីធានាថា មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកលថ្មីនេះ នឹងមានភាពរីកចម្រើន និងជួយពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវសុខភាពសកល ការបណ្តុះបណ្តាល និងគោលនយោបាយសុខាភិបាលនៅកម្ពុជា និងទូទាំងអាស៊ីអាគ្នេយ៍ ដែលនឹងធ្វើឱ្យសុខភាពប្រជាជន កាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កំពុងដំណើការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការគាំទ្រថវិកា ពី China Medical Board ដែលជាអង្គការសប្បុរសធម៌អាមេរិកឯករាជ្យមួយ មានប្រវត្តិ ១១០ឆ្នាំ ឧទ្ទិសដល់ការលើកកម្ពស់ការអប់រំសុខភាព និងវេជ្ជសាស្ត្រនៅប្រទេសចិន និងអាស៊ីអាគ្នេយ៍ ៕




























