ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកប្រធានពន្ធនាគារខេត្តមណ្ឌលគិរីថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការដឹកនាំអង្គភាពឱ្យមានការប្រែប្រួលជាវិជ្ជមាន ហើយត្រូវខិតខំធ្វើទំនើបកម្មការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ការលើកឡើងរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តមណ្ឌលគិរី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ពិធីនេះ ក៏មានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានពន្ធនាគាររាជធានីខេត្ត នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ថ្លែងក្នុងពីធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃពន្ធនាគារខេត្តមណ្ឌលគិរី ឯកឧត្តម អគ្គនាយកមានមតិផ្តាំផ្ញើមួយចំនួន ដូចខាងក្រោម៖
ទី១-បំពេញការងារ ត្រូវគោរពតាមឋានានុក្រម មុខងារ តួនាទី ភារកិច្ច ដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ គុណភាព ប្រសិទ្ធផល ភាពស្មោះត្រង់ ក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។
ទី២-ពង្រឹងការគោរពអនុវត្តន៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាន ពាក់ព័ន្ធនានាដែលជាត្រីវិស័យតម្រង់ទិសក្នុងការងារដឹកនាំ និងការងារជំនាញនីមួយៗ។
ទី៣-ត្រូវបន្តកិច្ចសហការល្អ និងស្នើសុំកិច្ចគាំទ្រពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ពីកងកម្លាំង ប្រដាប់អាវុធទាំងបី ក្នុងកិច្ចអន្តរាគមន៍ធានាសន្តិសុខសុវត្ថិភាព កិច្ចគាំទ្រពីមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូនានា ដើម្បីជួយដល់ការងារពន្ធនាគារ។
ទី៤-ក្រើនរំលឹកប្រធានពន្ធនាគារថ្មី ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ លើការដឹកនាំអង្គភាពójyមានការ ប្រែប្រួលជាវិជ្ជមាន ត្រូវខិតខំធ្វើទំនើបកម្មការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កែលម្អនូវរបៀបរបបការងារ និងចៀសវាងការធ្វើតាមទម្លាប់។
ទី៥-មន្ត្រីពន្ធនាគារខេត្តមណ្ឌលគិរីគ្រប់ថ្នាក់ ត្រូវផ្តល់ការគាំទ្រដោយស្មារតីម្ចាស់ការ ទទួលខុសត្រូវ និងរក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ ប្រមូលផ្តុំកម្លាំងជាធ្លុងមួយជាមួយប្រធានថ្មី ដើម្បីបន្តការដឹកនាំ និងធានាឲ្យបាននិរន្តរភាពការងារជាប្រយោជន៍សម្រាប់អង្គភាព។
សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ម៉ិញ រដ្ឋា ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តមណ្ឌលគីរី ជំនួស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អាន គីមឡេង ដែលត្រូវចូលនិវត្តន៍ បន្ទាប់ពីរូប លោក បានបម្រើការងារក្នុងបុព្វហេតុវិស័យពន្ធនាគារអស់រយៈពេល ២៥ឆ្នាំ ៕













