ភ្នំពេញ៖ នារសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។
ឯកឧត្តមបានសម្ដែងនូវការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត, ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិរវាង កងស្វ័យការពារជេីងគោកជប៉ុន និង កងទ័ពជេីងគោកកម្ពុជា តាមរយៈការបន្តផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍ និងអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន បំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ដែលនឹងរួមចំណែកដល់ការស្វែងរកឱកាសពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលអនាគត។
ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ឯកឧត្តមក៏បានសម្ដែងនូវការស្វាគមន៍ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន (Economic Co-Creations Package) ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងការទាក់ទាញនូវវិនិយោគិនជប៉ុនបន្ថែមទៀតមកវិនិយោគ នៅប្រទេសកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី លេីការបណ្តុះបណ្តាល ការបោសសម្អាតមីនមនុស្សធម៌, ជប៉ុននឹងបន្តសហការជាមួយកម្ពុជា ជួយដល់ប្រទេសអ៊ុយក្រែននិង ប្រទេសផ្សេងទៀត។
ឯកឧត្តម សមាជិកសភា បានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រេីន និងរឹងមាំបន្ថែមទៀត ស្របតាមទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯឧត្តមសមាជិករដ្ឋសភាជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។
សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដ៏ល្អ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានផ្ដល់នូវការគាំទ្រដល់ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពដល់កងទ័ពកម្ពុជា។
ជាមួយគ្នានេះ សម្ដេចបវរធិបតីបានសម្តែការពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ចេញនូវយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និងបានគូសបញ្ជាក់ថា ក្រសួងស្ថាប័នកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការជាមួយ ភាគី ជប៉ុន ដេីម្បីអនុវត្តយន្តការ នៃ កិច្ចសហប្រតិបត្តិការថ្មីនេះ ឱ្យទទួលបានជោគជ័យ។
សម្ដេចបវរធិបតីក៏បានអរគុណដល់ភាគីជប៉ុន ដែលបានផ្ដល់ការគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា នាពេលកន្លងមកនិងបានគូសបញ្ជាក់អំពីការបន្តនូវការគាំទ្ររបស់កម្ពុជាទៅលើគំនិតផ្ដួចផ្ដើរមរបស់ជប៉ុនទៅលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ដើម្បីជាការរួមចំណែកត្រឡប់ទៅវិញរបស់កម្ពុជា ជាមួយសហគមន៍អន្តរជាតិ តាមរយៈការបញ្ជូននូវកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលផ្ដោតទៅលើការបោសសម្អាតមីន និងការថែរក្សាសន្តិភាព ដែលពីមុនកម្ពុជា ជាប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ៕








