ឧត្តមសេនីយ៍ឯក ជីវ ផល្លី ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់


ភំ្នពេញ៖
នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, លោកឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោក លោកស្រីតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានវាយតម្លៃ និងឯកភាពចំពោះរបាយការណ៍ដែលបានលើកឡើងរបស់លោកប្រធាននាយកដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានមានប្រសាសន៍បញ្ជាក់ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រៀងរាល់៣ខែម្តងនាយកដ្ឋានតែងតែរៀបចំកិច្ចប្រជុំជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីដកបទពិសោធន៍ក៏ដូចជាផ្តល់ព័ត៌មានទៅវិញទៅមកក្នុងគោលបំណងរកបញ្ហាប្រឈមក្នុងការរកដំណោះស្រាយរួមគ្នា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមកក្នុងគោលបំណងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងការចូលរួមជាយោបល់ ដើម្បីយកទៅអនុវត្តបន្ត។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានអនុញ្ញាតឲ្យតំណាងអង្គការដៃគូពាក់ព័ន្ធចូលរួមជាយោបល់ ជាចំណេះដឹង ជាបទពិសោធន៍ ដើម្បីចែករំលែកឲ្យគ្នាទៅវិញទៅមក ក្នុងគោលបំណងរកដំណោះស្រាយរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងការរំលោភបំពានផ្លូវភេទកុមារការជួយដល់ជនរងគ្រោះ និងការចាប់ខ្លួនជនប្រព្រឹត្តិបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

ក្រោយពីស្តាប់បទអន្តរាគមន៍ អំពីផលលំបាក បញ្ហាប្រឈម និងសំណូមពររបស់តំណាងអង្គការមួយចំនួនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានមានប្រសាសន៍បន្ថែមថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តែងតែណែនាំដល់នគរបាលជំនាញ និងឯកឧត្តមផ្ទាល់ បានធ្វើជារៀងរាល់ឆ្នាំ តាំងពីលើកមុនៗមកហើយ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរជាមួយអង្គការដៃគូពាក់ព័ន្ធ ហើយដើម្បីពង្រឹងការងារប្រមូលព័ត៌មាន ដែលចាំបាច់យើងត្រូវទទួលបានព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ទាំងព័ត៌មានចំហ និងព័ត៌មានសម្ងាត់។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានសំណូមពរដល់អង្គការដៃគូពាក់ព័ន្ធ សូមឲ្យពង្រឹងការពារក្តីនៅតុលាការ សុំជួយពន្លឿននីតិវិធី ករណីផ្តល់មេធាវី ដែលមេធាវីអាចសុំផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចជំនាញអាជ្ញាធរពាក់ព័ន្ធ និងស្រាវជ្រាវកំណត់ភស្តុតាង ដើម្បីកំណត់បទល្មើស ហើយត្រូវតែផ្តន្ទាទោសអ្នកដែលប្រព្រឹត្តិបទល្មើសអ្នកដែលពាក់ព័ន្ធទៅតាមនីតិវិធីច្បាប់។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដែលមានជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងអង្គការដៃគូពាក់ព័ន្ធដែលមានវត្តមាននៅទីនេះ និងសូមឲ្យបន្តកិច្ចសហការបន្តទៀតក្នុងនាមដៃគូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ៕




















Previous Post Next Post