-ជយោ! វីរៈកងទ័ពរបស់កម្ពុជា ដ៏អង់អាចក្លាហាន!
-មហាគ្រួសារវិស័យទេសចរណ៍ ជឿជាក់ និងបេ្តជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល!
-មហាគ្រួសារវិស័យទេសចរណ៍ នៅជួរក្រោយ រួមសុខ រួមទុក្ខ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងជួយគាំទ្រតាមគ្រប់រូបភាព ជូនដល់បងៗយុទ្ធជន វីរៈកងទ័ពដ៏ក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា!
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានរៀបចំពិធីជួបជុំមហាគ្រួសារវិស័យទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីសម្តែងនូវឆន្ទៈចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងផ្ដល់កម្លាំងចិត្តជូនដល់បងៗវីរៈកងទ័ពជួរមុខរបស់កម្ពុជា ដែលបាននិងកំពុងការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប្រឆាំងនឹងការរំលោភបំពានពីបច្ចាមិត្ត។
ពិធីប្រកបដោយស្មារតីសាមគ្គីភាព និងស្នេហាជាតិដ៏អធិកអធមនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ត្រីកិច្ចសន្យា, សមាគមនានាក្នុងឧស្សាហកម្មទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, សាលាវិជ្ជាជីវៈទេសចរណ៍, គ្រឹះស្ថានសិក្សា, អង្គការ, ពិធីករ, សិល្បៈករ, និស្សិត, អ្នកផលិតមាតិកា, Influencers, KOLs, អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ប្រមាណជាង ១,០០០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះមគ្គទ្ទេសក៍ដឹកនាំដ៏ស្វាហាប់ មោះមុត និងវៃឆ្លាត ប្រកបដោយភាពចាស់ទុំ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងក្នុងបុព្វហេតុរក្សាសន្តិភាព។
យើងខ្ញុំទាំងអស់គ្នា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីដឹងគុណជូនចំពោះវីរភាព និងការលះបង់របស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងខិតខំការពារដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ប្រកបដោយឆន្ទៈមុះមុត និងការលះបង់ខ្ពស់។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ គុណកែវទាំងបីសូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនដល់បងៗកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា នៅតាមព្រំដែន និងនៅទូទាំងប្រទេស ឱ្យជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិកម្ចាត់សត្រូវបច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយឱ្យខានតែបាន។
ជយោ ព្រះរាជាណាចក្រកម្ពុជា!
ជយោ ជាតិ សាសនា ព្រះមហាក្សត្រ!




















