ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជន យកចិត្តទុកដាក់ពង្រឹងតាមគោលដៅដែលខ្លួនឈរជើងឲ្យបានរឹងមាំ ដើម្បីជាការចូលរួមរំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជាមួយកម្លាំងមានសមត្ថកិច្ច។
ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧៦ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា វិស័យសន្ដិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូលផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្តថា សន្ដិសុខឯកជន គឺដែលជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។ មួយវិញទៀត បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា និងភ្នាក់ងារសន្តិសុខឯកជនទាំងអស់មួយចំនួន រួមមាន៖
ទី១៖ ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ក្នុងនោះមិនឲ្យមានជាដាច់ខាតនូវការកសាងកម្លាំងខុសច្បាប់ តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន ពិសេសការប្រើប្រាស់សន្តិសុខឯកជនជាជនបរទេស និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ ក្រោមស្លាកសន្តិសុខឯកជន។
ទី២៖ យកចិត្តទុកដាក់ពង្រឹងវិធានការសន្តិសុខ សុវត្ថិភាព និងត្រូវផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ក្នុងការបង្រ្កាបបទល្មើសនៅតាមទីតាំងរស់នៅដូចជា៖ បុរី ខុនដូរ អាតមិន សណ្ឋាគារ កាស៊ីណូ រីសត និងសំណង់អគារធំៗ ដែលជាកន្លែងលាក់ខ្លួនរបស់ ក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស។
ទី៣៖ ហាមមិនឲ្យមានការរារាំងកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ការបង្ក្រាបបទល្មើស ឬឃុបឃិតជាមួយម្ចាស់គោលដៅ ប្រព្រឹត្តបទល្មើសនានា ពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងករណីនេះមានការកើតឡើង សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់។
ឯកឧត្តម ឧត្តសេនីយ៍ឯក បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង ៕

















