តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ


ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។


ក្នុងឱកាសនៃជំនួប លោកស្រី Alissar Chaker បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសនេះ។ 


លោកស្រី Alissar Chaker បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសមិទ្ធផល នៃភាពជាដៃគូដ៏ល្អរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយ UNDP ជាពិសេសនៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ 


លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលគ្រោងនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀត របស់កម្ពុជា ហើយលោកស្រីសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។ 


លោកស្រីក៏បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ដោយលោកស្រីបានគូសបញ្ជាក់ថាជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាពប្រកបដោយភាពម្ចាស់ការ និង ស្វ័យប្រវត្តិ។ 


លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលជាច្រើន និង ជាប្រទេសដែលបានចាប់ផ្ដើមកសាងប្រទេសឡេីងវិញពីចំណុចសូន្យ ក្រោយពីសង្គ្រាម ឱ្យមានការអភិវឌ្ឍលេីគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។ 


លោកស្រីបានសង្កត់ធ្ងន់ថា៖ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណាដែលអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ។ លោកស្រី Alissar Chaker មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យរបស់សម្ដេចបវរធិបតីកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងរឹងមាំបន្ថែមទៀត។ 


លោកស្រី Alissar Chaker ក៏បានជម្រាបជូនសម្តេចបវរធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា និងសង្ឃឹមថារាជរដ្ឋាភិបាល កម្ពុជា នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយ UNDP ក្នុងភាពជាដៃគូប្រកបដោយទំនុកចិត្ត។ 


ជាឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ UNDP តាមរយៈកម្មវិធីនានា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់នូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនកម្ពុជា។ 


សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨រាជរដ្ឋាភិបាលបានខិតខំកៀរគរប្រមូលកម្លាំង និងធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្ដេចបវរធិបតីគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជន ជាចម្បង តាមរយៈការពង្រឹងវិស័យអប់រំវិស័យសុខាភិបាលការបង្កើតការងារជូនដល់ប្រជាជនកម្ពុជាសំដៅដល់ការ លេីកកម្ពស់ មូលធនមនុស្សកម្ពុជា ព្រមទាំងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន .៥លាននាក់ ឱ្យមានចំណេះដឹង និងជំនាញមួយច្បាស់លាស់ដែលនឹងរួមចំណែកដល់ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC) នៅឆ្នាំ២០២៩ ប្រកបដោយភាពធន់។ 


មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីការបន្តការគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងUNDP និងលេីកទឹកចិត្តដល់ UNDP ឱ្យបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ៕










Previous Post Next Post