ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការទឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣២គ្រួសារ ដែលបានអញ្ជើញមកពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា កន្លងមកក្រោមការគ្រប់គ្រងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការគ្រប់គ្រងនិងដោះស្រាយនៅរាល់បញ្ហាការលំបាកនានាជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានល្អប្រសើរ ដូចជាការដោះស្រាយផ្ទះសំបែង និងដីធ្លីជាដើម។ បច្ចុប្បន្ននេះដើម្បីគ្រប់គ្រង លើកទឹកចិត្ត ជួយគាំទ្រ និងដោះស្រាយការលំបាកផ្សេងៗជូនដល់មន្ត្រីរាជការសុីវីលដែលចូលសោធននិវត្តន៍ សម្ដេចតេជោ លោកបានផ្ដួចផ្ដើមកែប្រែលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលមន្ត្រីស៊ីវិលដែលចូលសោធននិវត្តន៍ ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលនឹងត្រៀមបើកមហាសន្និបាតវិសាមញ្ញនៅពេលខាងមុខនេះ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជនទាំង ៣២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន នូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ និងត្រីខកំប៉ុងចំនួន ១យួរផងដែរ។
លោកតា កែវ មុឹល អាយុ ៦៦ឆ្នាំ អតីតយុទ្ឋជនពិការដោយសារសង្គ្រាម តំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកជូនពួកគាត់ ពិសេសនៅពេលដែលពួកគាត់មានការលំបាកខ្វះខាត និងសូមប្ដេជ្ញាចិត្តគោរពគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លុះអវសាន្តជីវិត ៕










