ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។
ក្នងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរមន្រ្តីរាជការ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានជួយឧបត្ថម្ភ ក្នុងស្មារតីផុលផុសជួយកងទ័ពក្នុងបុព្វហេតុជាតិ ហើយបនៅចំពោះមុខនេះ រដ្ឋបាលខេត្ត ត្រៀមនាំយកអំណោយ គ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូនកងទ័ព និងជួយបងប្អូនពលករវិលត្រឡប់មកស្រុកកំណើត។
ឯកឧត្តម វ៉ា ថន បានស្នើឱ្យមន្រ្តីសមត្ថកិច្ចទាំងអស់ សូមបន្តចាត់វិធានការបង្រ្កាប ទប់ស្កាត់ បញ្ហាបទល្មើសអនឡាញ ដោយអនុវត្តតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានោះ ឯកឧត្តម វ៉ា ថន បានណែនាំអាជ្ញាធរក្រុងស្រុក ត្រូវរៀបចំបោសសម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទីទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ក្នុងរដូវទឹកជំនន់ និងបញ្ហាជំងឺរាលត្បាត ដូច្នេះសូមមន្ទីរសុខាភិបាលខេត្ត ត្រូវមានវិធានត្រៀមបង្ការទប់ស្កាត់ និងលុបបំបាត់ឱ្យបានទាន់ពេលវេលា។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត សូមឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចុះសួរសុខទុក្ខ និងស្រង់ស្ថិតិ និងសួរនាំដើម្បីផ្តល់ការងារជូនបងប្អូនពលករវិលត្រឡប់មកវិញ។ ក្នុងន័យនេះ ក៏សូមអំពាវនាវដល់បងប្អូនពលករទាំងអស់សូមវិលត្រឡប់មកស្រុកយើងវិញ និងឈប់រកការងារនៅក្រៅស្រុក ស្រមពេលស្ថានភាពមានបញ្ហាជម្លោះព្រំដែន រដ្ឋាភិបាលបានផ្តល់ការងារជូនបងប្អូនរាប់សែនកន្លែង ទៅតាមជំនាញរបស់បងប្អូន ៕














