ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងនិងកម្មវិធីទូរសព្ទដៃ “មតិយើង”។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ទាំងដប់គោលដៅ តំណាងអង្គការពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី និងមន្រ្តីការិយាល័យប្រជាពលរដ្ឋ ជាច្រើនរូបទៀតផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរក៏បានពិភាក្សាយ៉ាងផុសផុលទៅលើលទ្ធផល បញ្ហាប្រឈម និងសំណើសំណូមពរក្នុងការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត័មានផ្សេងៗ របស់ការិយាល័យប្រជាពលរដ្ឋតាមបណ្ដារាជធានី-ខេត្ត គោលដៅចំនួន១០ និងកម្មវិធីទូរសព្ទដៃ “មតិយើង”។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក បានណែនាំឱ្យក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ត្រូវកត់ត្រានូវរាល់មតិយោបល់ សំណើ និងសំណូមពរនានា ដែលបានលើកឡើងក្នុងអង្គប្រជុំនេះ ដើម្បីធ្វើជាមូលដ្ឋានក្នុងការជួបប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើការកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធទូរសព្ទដៃ”មតិយើង”នេះ ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរឡើងបន្ថែមទៀត ៕











