ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំកាំពីសាលាខេត្ត។ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាល ក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពទាំង២ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ប្រធានច្រកទ្វារទ្វេរភាគីជ័យឃ្លាំង និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានឆន្ទះ ទឹកចិត្តស្នេហាជាតិ និងបានចូលរួមគាំទ្រលើកទឹកចិត្ត ដល់បងប្អូនកងទ័ពជួរមុខកំពុងឈរជើងការពារបន្ទាត់ព្រំដែន ដើម្បីបូរណភាពទឹកដី និងសូមបន្តនូវគោលជំហរឆន្ទះស្មោះស្ម័គ្រ ដើម្បីបុព្វជាតិមាតុភូមិ និងដើម្បីបង្ហាញឱ្យពិភពលោកបានឃើញនិងបានដឹងអំពីចរិករបស់កម្ពុជា និងដើម្បីឱ្យពិភពលោកជួយរកយុត្តិធម៌។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ មន្ទីរជំនាញពាក់ព័ន្ធ សូមពិនិត្យមើលលើការងារបង្ករបង្កើនផលនារដូវវស្សា និងការងារត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងត្រូវចុះពិនិត្យបោសសម្អាតទីទួលសុវត្ថិភាព ដើម្បីត្រៀមបង្ការទុកជាស្រេច ។ ក្នុងនោះបញ្ហាក្មេងទំនើង ត្រូវពង្រឹងការចាត់វិធានការ និងទប់ស្កាត់ ដើម្បីបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនមូលដ្ឋាន ឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងត្រូវបន្តពិនិត្យតាមដានប្រមូលស្ថិតិ បងប្អូនពលករចំណាកស្រុកក្នុងមូលដ្ឋាន ក្តាប់ឱ្យបាន និងដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះក្នុងករណីណាមួយ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកជំនន់ក្នុងខេត្តក្រចេះឆ្នាំនេះ នឹងឡើងកម្ពស់ ២១ម៉ែត្រ ដូច្នេះកម្រិតកម្ពស់នេះល្អ អាចហូរចូលអាងស្តុបទឹកបានគ្រប់គ្រាន់ ទន្ទឹមនោះដែរពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទឹក ក្នុងវិស័យកសិកម្ម មន្ទីរពាក់ព័ន្ធត្រូវរៀបចំសម្ភារៈបច្ចេកទេស ក្នុងការទប់ទឹកនិងបើកទឹកប្រើប្រាស់ដោយសន្សំចៃ ហើយក៏ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាសហគមន៍ សូមឱ្យចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីការប្រើប្រាស់ទឹកបន្តបាននិរន្តភាព ៕


















