ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង ៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង ៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!


ភ្នំពេញ៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចពីមូលហេតុចម្បងចំនួន ៤ ដែលនាំឱ្យមានកំណើនបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា។ នេះបើតាមការថ្លែងពីប្រមុខក្រសួងមហាផ្ទៃ ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត មូលហេតុចម្បងនោះ រួមមាន៖ ១-មធ្យោបាយនៃការប្រព្រឹត្តបទល្មើសមានភាពងាយស្រួល ដោយគ្រាន់តែមានប្រព័ន្ធអ៊ីនធឺណិតនិងឧបករណ៍អេឡិចត្រូនិចមួយ, ២-ភាពចន្លោះប្រហោងនៃច្បាប់និងយុត្តាធិការរវាងប្រទេសនីមួយៗ, ៣-ការចំណាយដើមទុនតិចទទួលបានផលច្រើន និង៤-ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋនិងការធ្វើពាណិជ្ជកម្មដោយផ្ទាល់ទៅជាការទំនាក់ទំនងនិងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណគ្រីបតូ។ 

ប្រឈមមុខនឹងបញ្ហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការប្រយុទ្ធប្រឆាំងបទល្មើស Online scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាពិសេសក៏បានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ដែលក្នុងនោះមានជាអាទិ៍ ការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបទល្មើសនេះ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានបន្តក្នុងន័យដើមថា ក្រសួងមហាផ្ទៃ ដែលជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងសិក្សាពិនិត្យលទ្ធភាពក្នុងការបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា « ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងយន្តការទាំងនេះ គឺដើម្បីគាំទ្រនិងសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលគឺ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងមិនឱ្យបទល្មើសនេះកើតឡើងវិញជាថ្មី»។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញក្រសួងមហាផ្ទៃគ្រប់ថ្នាក់ បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online scams សរុប ៦៦៥ទីតាំង និងចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅចំនួន ២៨.៥១២ទីតាំង។ តាមរយៈវិធាននេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៦៨សំណុំរឿង មានជនសង្ស័យសរុប ២.៧៧៣នាក់ ដែលក្នុងនោះ កំពុងជាប់ឃុំចំនួន ២.២០០នាក់ និងបណ្ដេញជនបរទេសពីកម្ពុជាពាក់ព័ន្ធនឹង Online scams សរុបចំនួន ២១.១០២នាក់ មាន ៣៨សញ្ជាតិ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងអំពីឆន្ទៈរបស់កម្ពុជាថា ក្រៅពីការអនុវត្តច្បាប់ និងយន្តការនានាក្នុងការបង្ក្រាបបទល្មើស Online scams នោះ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយប្រទេសជាដៃគូ និងអង្គការអន្តរជាតិនានា  ដោយបានឃាត់ខ្លួននិងបញ្ជូនមុខសញ្ញាមេខ្លោងសំខាន់ៗមួយចំនួន និងកំពុងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញាមេខ្លោងដែលកំពុងគេចខ្លួន ឈានទៅបង្ក្រាបឱ្យដល់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មទាំងនេះ ៕
Previous Post Next Post