ខេត្តណាននីង៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនចិនប្រមាណជាង៣០ ដែលមកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើននាពេលខាងមុខ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិនចំនួន ៣៥ក្រុមហ៊ុន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននិង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន ៤២ក្រុមហ៊ុន ដោយបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើនដែលបានបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ។ ក្នុងនោះតំណាងក្រុមហ៊ុន សហគ្រាសទាំងអស់បានសន្យាថានឹងមកទស្សនៈកិច្ចស្វែងយល់និងបោះទុនរកស៊ីក្នុងខេត្តនេះក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្រុមហ៊ុន សហគ្រាសទាំង៤២ ដែលមានបំណងដាក់ទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺគឺផ្តោតលើវិស័យចំនួន៩ ក្នុងនោះ៖ ១-កសិកម្ម និងកែច្នៃកសិផល, ២-ឧស្សាហកម្មនិងផលិតកម្ម, ៣-សំណង់ និងសម្ភារៈសំណង់, ៤-ទេសចរណ៍ និងវប្បធម៌, ៥-វិនិយោគ និងពាណិជ្ជកម្ម, ៦-បច្ចេកវិទ្យា និងឌីជីថល, ៧-រ៉ែ, ៨-ឡូជីស្លឹក និងដឹកជញ្ជូន និង៩-ថាមពលថ្មី និងបរិស្ថាន។
ទោះជាយ៉ាងណា ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុន សហគ្រាសដែលចាប់អារម្មណ៍លើខេត្តកំពង់ស្ពឺនេះ មានមួយចំនួនជាអ្នកវិនិយោគដែលមានស្រាប់ដែលកំពុងស្វែងរកការពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុនខ្លះទៀតជាអ្នកចំណូលថ្មីគ្រោងនឹងបង្កើតរោងចក្រនៅក្នុងខេត្តនេះ។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គិតមកទល់ថ្ងៃនេះ ខេត្តមានវត្តមានឧស្សាហកម្មដ៏រឹងមាំរួចហើយ ដោយក្នុងនោះមានរោងចក្រនិងសហគ្រាសប្រមាណជិត ៣ពាន់រោងចក្រ សហគ្រាសនិងមានកម្មករ កម្មការិនីប្រមាណជាង ៤០ម៉ឺននាក់ នោះនៅមិនទាន់គិតបងប្អូនដែលកំពុងបំពេញការងារនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងចំការនានាទៀតផង ៕


