កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពាលីលើកជហ្វា សាលាពុទ្ធិកបឋមសិក្សា វត្តអង្គរោង ស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃស្រុកគងពិសី និងមានការអញ្ជើញចូលរួមពី លោកជំទាវ អគ្គមហាឧបាសិកា សេង សុខុម លោកស្រីអភិបាលរងស្រុក មេឃុំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ២០០រូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវមតិផ្តាំផ្ញើថ្វាយបង្គំ និងសួរសុខទុក្ខរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺប្រគេនព្រះសង្ឃ និងជូនលោកតាលោកយាយ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំមហាឫស្សី។ ការរៀបចំពិធីបួងសួងក្រុងពាលី លើជហ្វា នាឱកាសនេះ ក៏ជាការបង្ហាញពីការចូលរួមរបស់ព្រះសង្ឃ អាជ្ញាធរ សប្បុរសជន និងប្រជាពលរដ្ឋ ក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យពុទ្ធិកសិក្សានៅមូលដ្ឋាន។
ឯកឧត្តមបានថ្លែងបន្តថា សាលាពុទ្ធិកបឋមសិក្សា មានតួនាទីសំខាន់ក្នុងការពង្រឹងពុទ្ធិកសិក្សា តាមរយៈការផ្តល់ចំណេះដឹងព្រះធម៌ ភាសាបាលី និងចំណេះដឹងទូទៅដល់សមណសិស្ស ព្រមទាំងបណ្តុះសីលធម៌ សុជីវធម៌ វិន័យ សទ្ធា និងការទទួលខុសត្រូវ។ ពុទ្ធិកសិក្សាមិនត្រឹមតែជាការសិក្សាព្រះធម៌ និងភាសាបាលីប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់បណ្តុះ ចំណេះដឹង បញ្ញា សីលធម៌ និងគុណតម្លៃមនុស្ស ឱ្យសមណសិស្សអាចយកចំណេះដឹង និងព្រះធម៌ទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងចូលរួមចំណែកកសាងសង្គមប្រកបដោយសន្តិភាព សុខដុមរមនា និងមនុស្សធម៌។ ជាមួយគ្នានេះ ការអភិវឌ្ឍពុទ្ធិកសិក្សា គឺជាការវិនិយោគលើធនធានមនុស្សសម្រាប់ការបន្តវេនព្រះពុទ្ធសាសនា ព្រមទាំងរួមចំណែកថែរក្សា និងបន្តវេនប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ពីជំនាន់មួយទៅជំនាន់មួយ។
ឯកឧត្តមក៏សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ សប្បុរសជន និងគ្រប់ភាគីក្នុងសង្គម បន្តរួមគ្នាគាំទ្រ លើកកម្ពស់ និងចូលរួមអភិវឌ្ឍពុទ្ធិកសិក្សា ទាំងផ្នែកសម្ភារៈ បរិស្ថានសិក្សា ចំណេះដឹង និងការលើកទឹកចិត្តដល់សមណសិស្ស។ ការគាំទ្រពុទ្ធិកសិក្សា គឺជាការរួមចំណែកបណ្តុះធនធានបន្តវេន និងជាមូលដ្ឋានសម្រាប់ការថែរក្សា និងពង្រឹងព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ គង់វង្ស និងបន្តតម្លៃល្អទៅកាន់ជំនាន់ក្រោយ។ រួមគ្នាគាំទ្រពុទ្ធិកសិក្សា គឺជាការរួមគ្នាបណ្តុះធនធានបន្តវេន រួមគ្នារក្សាព្រះពុទ្ធសាសនា និងមរតកវប្បធម៌ខ្មែរ ៕






















