កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាសហអធិបតីក្នុងពិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត” នៅរោងចក្រ CPCG INTERNATIONAL CO., LTD. ដែលមានអ្នកចូលរួមប្រមាណជាង ៤០០នាក់។
ក្នុងពីធីផ្សព្វផ្សាយនេះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានថ្លែងថា បេឡាជាតិសន្តិសុខសង្គម បានចូលរួមយ៉ាងសកម្មដោយសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងធ្វើបច្ចុប្បន្នភាពកម្មករនិយោជិតនៅតាមបណ្តា សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងចំនួនម៉ូតូ កង់ មួកសុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយឲ្យចំគោលដៅ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត បន្តប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតបន្តទៀត ជៀសវាងប្រើប្រាស់រថយន្តប្រភេទដឹកទំនិញ មកដឹកជញ្ជូនកម្មករនិយោជិត ជាពិសេសត្រូវឧស្សាហ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំរួមមាន៖ ហ្វ្រាំង ភ្លើងសញ្ញាចរាចរណ៍ (ស៊ីញ៉ូ) ភ្លើងបំភ្លឺផ្លូវ និងសំបកកង់ជាដើម និងសូមចូលរួមទប់ស្កាត់កុំឱ្យមានអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតថ្មី យករថយន្តប្រភេទដឹកទំនិញមកដឹកជញ្ជូនកម្មករនិយោជិត និងបន្តអំពាវនាវដល់អ្នកបើកបររថយន្តដឹកទំនិញមកកែទៅជារថយន្តដឹកអ្នកដំណើរដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស។
មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ផេន សុផល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ៕



















