ឯកឧត្តម វង សូត ដឹកនាំកិច្ចប្រជុំក្រុមការងារ ពិនិត្យទីតាំងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត តំបន់ព្រៃតាទក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម វង សូត ដឹកនាំកិច្ចប្រជុំក្រុមការងារ ពិនិត្យទីតាំងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត តំបន់ព្រៃតាទក


ព្រៃវែង៖
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក ឬ (តំបន់៥៧៨) ស្ថិតនៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

គណៈកម្មការនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្រាវជ្រាវ ចងក្រងឯកសារប្រវត្តិសាស្ត្រ និងសាងសង់ស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់ចលនាតស៊ូរបស់ប្រជាជនដែលបានរត់ចូលតំបន់ព្រៃតាទក (តំបន់៥៧៨) ហើយកសាងកម្លាំងតស៊ូ ក្នុងអំឡុងចុងខែឧសភា ឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ា ដើម្បីប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពពិនិត្យទីតាំងសម្រាប់ការសាងសង់ រួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលជាឥស្សរជនមួយរូបបានចូលរួមចលនាតស៊ូប្រឆាំងរបប ប្រល័យពូជសាសន៍ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងរួមមានអតីតយុទ្ធជនតស៊ូជាច្រើន ចូលរួមផងដែរ។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម វង សូត បានបញ្ជាក់ថា ការបង្កើតគណៈកម្មការនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងចងក្រង និងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រ ព្រមទាំងរំលឹកដល់ការតស៊ូ ការលះបង់ និងវីរភាពរបស់ប្រជាជន និងថ្នាក់ដឹកនាំ ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ និងការស្វែងរកសន្តិភាពជូនប្រទេសជាតិ។

គណៈកម្មការ សាងសង់ ដែលដឹកនាំដោយ ឯកឧត្តម វង សូត មានអនុគណៈកម្មការជំនាញចំនួន៤ ទទួលបន្ទុក ការងារស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រ ការសាងសង់ស្តូប ការងារបរិស្ថាន និងវប្បធម៌។ 

អនុគណៈកម្មការនីមួយៗ ទទួលបន្ទុកការងារជំនាញរៀងៗខ្លួន និងសហការគ្នា ដើម្បីធានាឱ្យការស្រាវជ្រាវ ចងក្រងឯកសារ ការរៀបចំសាងសង់ស្តូប ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ព្រមទាំងស្នាដៃវប្បធម៌ គំនូរ និងចម្លាក់ ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងឆ្លុះបញ្ចាំងនូវតម្លៃប្រវត្តិសាស្ត្រ។ ស្តូបអនុស្សាវរីយ៍គ្រោងនឹងសាងសង់នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ស្តូបអនុស្សាវរីយ៍នេះ នឹងក្លាយជាតឹកតាងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ សម្រាប់កូនចៅ និងអ្នកជំនាន់ក្រោយបានសិក្សា ស្វែងយល់ និងចងចាំពីការតស៊ូ ការលះបង់ និងដំណើរឆ្ពោះទៅរកសន្តិភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការអប់រំស្មារតីស្រឡាញ់សន្តិភាព និងការថែរក្សាសន្តិភាពជូនជាតិមាតុភូមិ ៕































Previous Post Next Post