ភ្នំពេញ៖ និស្សិតមួយក្រុម នៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (RULE-ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានចេញដំណើរពីព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តទៅប្រកួតវគ្គទាញហេតុផលផ្ទាល់មាត់ក្នុងកម្មវិធី Nuremberg Moot Court 2026 នៅប្រទេសអាល្លឺម៉ង់ រយៈពេល១សប្តាហ៍។
សូមជម្រាបជូនថា និស្សិតដែលនឹងត្រូវចូលរួមប្រកួតវគ្គនេះ រួមមាន៖ លោក អិន វ៉ាន សុវរុណ្ណៈ, លោក កែវ មុនីរ័ត្ន, កញ្ញា សម្បត្តិ សុគន្ធនិតា និងលោក យ៉ាង គាហុង។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ក្រុមនិស្សិតខាងលើ ធ្លាប់បានទទួលជ័យលាភីឆ្នើមនៅក្នុងចំណោម ៤០ក្រុម ដែលទទួលបានពិន្ទុសរសេរសារណាខ្ពស់បំផុតនៅក្នុងកម្មវិធីសវនាការប្រឌិតនូរែមប៊ឺក ឆ្នាំ២០២៦ (Nuremberg Moot Court Competition 2026) ដែលមាន ១៣៧ក្រុមទូទាំងពិភពលោកចូលរួម។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ព្រមទាំងសមត្ថភាពស្រាវជ្រាវ និងជំនាញទាញហេតុផលខ្ពស់ក្នុងផ្នែកនីតិព្រហ្មទណ្ឌអន្តរជាតិរបស់ក្រុមនិស្សិត។ គួរឱ្យកត់សម្គាល់ ពួកគេគឺជាក្រុមតែមួយគត់ពីកម្ពុជា និងជាក្រុមដែលបានបន្តរក្សាកំណត់ត្រាជូនសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងការឈានដល់វគ្គនេះ ដើម្បីទៅប្រកួតប្រជែងជាមួយនិស្សិតមកពីសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ៕


