ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "ការប្រើប្រាស់ប្រព័ន្ធតាវកាលិកសន្តិសុខសង្គម និងនីតិវិធីត្រួតពិនិត្យរបាយការណ៍កម្មករនិយោជិត និងការបង់ភាគទាន" នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទូទាំងរាជធានី-ខេត្ត ប្រមាណជិត ២០០នាក់ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom)។
ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានឱ្យដឹងថា ការបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលដ៏សំខាន់ខាងលើនេះ គឺក្នុងន័យឈានទៅរកការផ្លាស់ប្តូរទម្លាប់ពីការប្រើក្រដាសស្នាម មកប្រើប្រាស់ប្រព័ន្ធឌីជីថលវិញ ដែលការផ្លាស់ប្តូរនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលាទេ ប៉ុន្តែថែមទាំងធានាបាននូវតម្លាភាព គណនេយ្យភាព និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរបាយការណ៍កម្មករនិយោជិត និងការបង់ភាគទានជាដើម។
ជាងនេះទៅទៀត បច្ចេកវិទ្យាឌីជីថលនឹងជួយពន្លឿននីតិវិធីនៃការផ្ទៀងផ្ទាត់ និងការផ្តល់តាវកាលិកជូនដល់សមាជិក ប.ស.ស. បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយទំនុកចិត្តខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត អគ្គនាយករង បានបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ប្រសិនបើគ្មានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការប្រតិបត្តិ និងគ្រប់គ្រង។ ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ប.ស.ស. គឺជាការវិនិយោគលើសមត្ថភាពផ្ទៃក្នុង ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត អគ្គនាយករង ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធថ្មីៗពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅអនុវត្តការងារជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងផ្តល់សេវាកាន់តែប្រសើរជូនដល់សមាជិក ប.ស.ស. ៕












