ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ ត្រូវរួបរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់ អុជអាល លៀបព័ណ៍ និងមួលបង្កាច់មក លើគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យបានផុលផុសបានទាន់ពេលវេលា និងមុខស្រួចបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តស្វាយរៀង» នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
វេទិកានេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក., ឯកឧត្តម ហេង សុខណាង ប្រធានយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែនចំណុះ នៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង សរុបអ្នកចូលរួមប្រមាណចំនួន ៧៥៧រូប។
ការរៀបចំវេទិកាពិភាក្សានេះ គឺដើម្បីស្វែងយល់សុខទុក្ខ ក្តីកង្វល់ មតិយោបល់ និងសំណូមពររបស់យុវជនគណបក្ស ក្នុងទិសដៅពង្រឹងបាននូវសតិអារម្មណ៍និង ទំនុកចិត្តជឿជាក់ ចំពោះការដឹកនាំ និងថ្នាក់ដឹកនាំក្នុងនាមជាគណបក្ស និងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីគោលជំហរ និងការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ និងក្រោយពេលអនុវត្តបទឈប់បាញ់ និងការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។ ជាពិសេស ក៏បានអំពាវនាវដល់យុវជនគណបក្សទូទាំងប្រទេស ត្រូវបន្តភាពអត់ធ្មត់ និងការជឿទុកចិត្តចំពោះថ្នាក់ដឹកនាំក្នុងការរក្សាបាននូវសុខសន្តិភាព និងការទាមទារយកទឹកដីឈ្លានពានមកវិញ ដោយស្របតាមច្បាប់អន្តរជាតិ ដែលជាជោគជ័យប្រកបដោយនិរន្តភាពជូនជាតិមាតុភូមិ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានស្នើប្រធានយុវជនសហការជាមួយគណៈកម្មាធិការគណបក្សខេត្ត ដើម្បីរៀបចំនូវផែនការសកម្មភាពរួមសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ហើយត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ និងធ្វើការបំពាក់បំប៉ននូវគោលជំហរ ទស្សនៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបានប្រៀបខ្លាំង និងប្រៀបឈ្នះ របស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោតទាំងអស់។
ឯកឧត្តមបណ្ឌិត បានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជននិងមហាជន ឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី ហើយត្រូវចូលរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ដើម្បីការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ ត្រូវចូលរួមក្នុងការបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ការពហិការការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត ហើយត្រូវបន្តបំផុសស្មារតី យុវជននិង ប្រជាជន ឱ្យបន្តគាំទ្រដល់រីរកងទ័ពជួរមុខ និងបន្តជួយដល់គ្រួសារពលី និងពិការដែលបង្កដោយសង្រ្គាមកន្លងមកនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ ត្រូវចូលរួមបង្កើនការផ្សព្វផ្សាយសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន ៕


























