កម្លាំងចម្រុះ បង្ក្រាបទីតាំង Online Scam ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ឃាត់ខ្លួនជនបរទេសជាង ១០០នាក់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងចម្រុះ បង្ក្រាបទីតាំង Online Scam ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ឃាត់ខ្លួនជនបរទេសជាង ១០០នាក់


ភ្នំពេញ៖
បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួន ២កន្លែងផ្សេងគ្នា គឺនៅអគារ A និងអគារ B ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ជាប់មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ ឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងដោយមានការចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, សម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤នាក់ (ស្រី ០៧នាក់) មាន ០៦សញ្ជាតិផ្សេងគ្នា ក្នុងនោះរួមមាន៖ ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោក Online Scams ចំនួន ៨៣នាក់ (ជនជាតិចិន ៨២នាក់ និងវៀតណាម ០១នាក់) និងជនបរទេសពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ចំនួន ២១នាក់ (មាន ០៥សញ្ជាតិ)។

ទន្ទឹមនឹងការឃាត់ខ្លួនជនសង្ស័យ មន្ត្រីជំនាញ បានដកហូតសម្ភារៈវត្ថុតាងសរុបរួមមាន៖ កុំព្យូទ័រលើតុចំនួន ៧៧គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៣៦គ្រឿង, IPAD ចំនួន ០៥គ្រឿង, ម៉ូនីទ័រចំនួន ០៤គ្រឿង,ទូរសព្ទដៃចំនួន ៨០០គ្រឿង និងធុង CPU ចំនួន ០៦គ្រឿង។

តាមរយៈការធ្វើកោសល្យវិច្ច័យបច្ចេកទេសបឋម ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពឆបោកជនរងគ្រោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព“ការអូសទាញឱ្យវិនិយោគ” ដើម្បីបោកបញ្ឆោតយកប្រាក់ពីសាធារណជនក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១,០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕












Previous Post Next Post