កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ ខណៈរោងចក្រ សហគ្រាស ក្នុងខេត្តនេះ មានការកើនរហូតដល់ជាង ១,៦០០កន្លែង និងមានកម្មករនិយោជិតជាង ១៣ម៉ឺននាក់កំពុងបម្រើការ។
ការជំរុញបែបនេះធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង ១ពាន់នាក់ ក្នុងរោងចក្រ សួស យ៉ាត អេ ស្ថិតក្នុងក្រុងច្បារមន នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមយុទ្ធសាស្ត្រទាកម៉ូយ បានធ្វើឱ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសគឺវិស័យឧស្សាហកម្មកាត់ដេរ។
បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសប្រមាណជាង ១,៦០០កន្លែង និងមានកម្មករ កម្មការិនី កំពុងបម្រើការប្រមាណជាង១៣ម៉ឺននាក់។ ជាមួយនិងកំណើនឥតឈប់ឈរនៃរោងចក្រ សហគ្រាសនេះដែរ បានប្រែក្លាយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកន្លងមកធ្លាប់តែគេមើលងាយមើលថោកហើយចំអកឡកលើយថា ជាខេត្តប៊ុមប៊ឺ ឱ្យមានជីវភាពធូរធារីកចម្រើន និងស៊ីវិល័យតាមរយៈការងារ និងតំលៃអចលនទ្រព្យ។
ដើម្បីទទួលកំណើនការងារបន្ថែម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តទៅដល់ធុរជនទាំងអស់ដែលបាននិងកំពុងរកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ និងដាស់តឿនដល់កម្មករនិយោជិតដែលមានការអាក់អន់ស្រពន់ចិត្តក្នុងរង្វង់ការងារឱ្យរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ មិនត្រូវនាំគ្នាប្រមូលផ្តុំធ្វើបាតុកម្ម ឬកូដកម្មនោះឡើយ ៕














