កំពង់ស្ពឺ៖ បន្ទាប់ពីបានបានទទួលនូវព័ត៌មានពីក្រុមការងារមូលដ្ឋាន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះដែលមាន ជីវភាពខ្វះខាត ជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃព្រោះជាក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូន ដោយបច្ចុប្បន្នរស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូនរួមមាន៖ ទី១.ឈ្មោះ យាន ណារា ភេទស្រី អាយុ១៣ឆ្នាំ អាយុ៧២ឆ្នាំ, ទី២.ឈ្មោះ យាន អ៊ូជី ភេទប្រុស អាយុ១០ឆ្នាំ និងទី៣.ឈ្មោះ យាន វិចិត្រ ភេទប្រុស អាយុ៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក្នុងស្នារតីមនុស្សធម៏ បេះដូងខ្មែរតែមួយក្នុងទិដ្ឋភាពពិតជាក់ស្តែងដោយក្តីអាណិតអាសូរពន់ពេក ជាទឹកចិត្តលោកបានបរិច្ចាគជាថវិកាក្នុងការឧបត្ថម្ភពេលនោះចំនួន ៣០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតរួមមាន អង្ករ ៣បាវ,មី ៣កេស,ទឹកសុទ្ធ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ,ត្រីខ ៣យួរ ជាពិសេសរួមទាំងសម្ភារៈសម្រាប់សិក្សាចំនួន ៣ឈុត និងខោអាវ សិស្សចំនួន ៣កំប្លេថែមទៀតផងដែរ។
សូមចងចាំថា ការប្រព្រឹត្តអំពើល្អទោះបីជួនកាលយើងមិនទាន់បានផលល្អភ្លាមៗប៉ុន្តែនៅថ្ងៃណាមួយយើងគង់ទទួលបានភាពជោគជ័យ ម្យ៉ាងវិញទៀតបើយើងអស់សង្ឃឹមនឹងការធ្វើល្អយើងនឹងធ្លាក់ចូលក្នុងជំពូកមនុស្សអាក្រក់ហើយនឹងត្រូវអ្នកដ៏ទៃនិងសង្គមស្អប់ខ្ពើម។ចូលរួមរួមសាងអំពើល្អទាំងអស់គ្នា និងគោរពអនុវត្តតាមទិសស្លោករបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ ១.ចំពោះជាតិត្រូវតែការពារ, ២.ចំពោះប្រជាត្រូវតែបម្រើ, ៣.ច្បាប់ត្រូវតែគោរព, ៤.បទល្មើសត្រូវតែបង្ក្រាប, ៥.ជួយគិត, ៦.ជួយធ្វើ, ៧.រួមគ្នាទទួលខុសត្រូវ ៕





















