ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ៖ កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ៖ កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត។

ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបជម្រាបលា។ លោកជំទាវបានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានស្វែងយល់ច្រើនអំពី ប្រជាជន វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ 

ទន្ទឹមនឹងនេះ លោកជំទាវបានជម្រាបជូនសម្តេចធិបតី​ អំពីការសម្រេចបាននូវសមិទ្ធផលនានាក្នុងអាណត្តិការទូតរបស់លោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ និងវប្បធម៌។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា កម្ពុជា និងតួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវ Ülkü Kocaefe នៅកម្ពុជា។ សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគីយ៉េ ឱ្យមានភាពរឹងមាំ និងទទួលបានផ្លែផ្កាជាវិជ្ជមាន។ 

ជាមួយគ្នានេះ សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ អំពីកាលានុវត្តភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនានា​ ដែលនឹងចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ 

ជាទីបញ្ចប់ សម្ដេចធិបតីបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់ទៀត ៕








Previous Post Next Post