ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច សូមផ្ញើសារលិខិតជូនពរគោរពជូន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម សុខ សូកេន មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាចម្រើនជន្មាយុរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរពោរពេញដោយមនោសញ្ចេតនាគោរព ស្រលាញ់យ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធ និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងការរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដោយធានាបានយ៉ាងរឹងមាំនូវអធិបតេយ្យភាព សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី និងបុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាម អភិបាលប្រោះព្រំសព្ទសាធុការពរជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ និងសូមសមប្រកបនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា» ៕


