កំពង់ស្ពឺ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលរួម ព្រមទាំងចាត់ឲ្យកម្លាំងអាវុធហត្ថសហការ ការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំងខេត្តកំពង់ស្ពឺ ដែលប្រពិត្តនៅខាងមុខបរិវេណអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល លោក លោកស្រី អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវប្រតិភូអម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា កងកម្លាំង អភិបាលក្រុង-ស្រុក រួមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺកំពង់ស្ពឺ។
តាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សង្ក្រាន្តឆ្នាំនេះសម្រាប់ខេត្តកំពង់ស្ពឺរៀបចំធ្វើរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយដែលបុព្វបុរសបន្សល់ទុកមានដូចជា ចោលឈូង លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រជាដើម ប៉ុន្តែមិនអនុញ្ញាតឱ្យលេងបាញ់ទឹក ប៉ាតម្សៅឡើយ គឺដើម្បីបំផុសឱ្យយុវជន យុវនារីជំនាន់ក្រោយបានចូលរួមលេងនិងស្គាល់ពីល្បែងប្រជាប្រិយខ្មែរ ហើយអាជ្ញាធរត្រូវរៀបចំក្រុមការងារសម្របសម្រួលលើការងារនេះ ៕

















