កាណាដាត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កាណាដាត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦


ភ្នំពេញ៖
នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Alan Bowman អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ក្នុងអំឡុងពេលដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-កាណាដា លើកទី២។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Alan Bowman សម្រាប់ការធ្វើដំណើរទស្សនកិច្ចការងារមកកម្ពុជា និងបានកត់សម្គាល់ដោយការពេញចិត្តនូវសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ និងសង្ឃឹមថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ នឹងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កាបន្ថែមទៀត។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគីកាណាដាសម្រាប់ការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ព្រមទាំងបានជម្រាបពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ។

ឯកឧត្តម Alan Bowman បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរនេះ នឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត និងបានសម្តែងការគាំទ្រជាថ្មីចំពោះកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ 

ឯកឧត្តមក៏បានគូសបញ្ជាក់ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កាណាដា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះនៅទីក្រុងភ្នំពេញ ព្រមទាំងបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ តាមរយៈបទពិសោធន៍របស់កាណាដា ក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗ ជាច្រើនកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូន ឯកឧត្តម Alan Bowman អំពីការវិវត្តនាពេលថ្មីៗនេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណប្រទេសកាណាដា ចំពោះការគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្នុងជម្លោះព្រំដែននេះ ៕





Previous Post Next Post