កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៩:០៩នាទី នាថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការរង មូលដ្ឋានកងក្រុងឧដុង្គម៉ែជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្នុងភូមិវត្តពោធិ៍ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។
មុនពេលកើតហេតុនិងឈានដល់ការឃាត់ខ្លួន ដោយជនសង្ស័យបានធ្វើសកម្មភាពយកដែកត្បែងប្រវែងប្រហែល២ម៉ែត្រ វាយទៅលើជនរងគ្រោះត្រូវគុម្ពត្រជៀកខាងស្តាំបណ្តាលឲ្យរងរបួសស្រាល ព្រោះមូលហេតុជនសង្ស័យខឹងនឹងជនរងគ្រោះជេរប្រមាថខ្លួននិងជេរប្រមាថម្តាយរបស់ខ្លួន។ជនរងគ្រោះមានឈ្មោះ ហង់ ស្រីនាង ភេទស្រី អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្ភូមិវត្តពោធិ៍ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ចំណែកជនសង្ស័យមានឈ្មោះ ទុម សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិឃ្លាំងប្រាំ សង្កាត់វាំងចាស់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។កម្លាំងអាវុធហត្ថចាប់យកវត្ថុតាង៖ដែកត្បែងប្រវែងប្រហែល២ម៉ែត្រ ដែលបានយកធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕










