កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ មានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពឈរជើងសមរភូមិជួរមុខ លោកអនុសេនីយ៍ទោ ខាន់ ម៉ារ៉ាឌី គ២៤ កងទ័ពការពារអាកាស ឈរជើងទិសតាថាវខេត្តព្រះវិហារដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងពេលសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជូនចំពោះលោកអនុសេនីយ៍ទោ ខាន់ ម៉ារ៉ាឌី ព្រមទាំងក្រុមគ្រួសារ និងបានឧបត្ថម្ភជាថវិការចំនួន ២០០,០០០៛ និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖ អង្ករ ៣បាវ, មី ៣កេះ, ទឹកសុទ្ធ ៣កេះ, ទឹកផ្លែឈើ ៣កេះ, ទឹកត្រី ៣យួរ, ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរបន្ថែមទៀត។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយនឹងក្រុមការងារចូលរួមទាំងអស់ក៏បានជូនពរលោកអនុសេនីយ៍ទោ ខាន់ ម៉ារ៉ាឌី ឲ្យមានសុខភាពល្អឆាប់បានជាសះស្បើយ ជាពិសេសបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ៕
















