ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៦។
សារលិខិតគោរពជូនពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាវិសេសវិសាល ប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមសន្តិបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៦ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុជាតិមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តគោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ដែលជានិច្ចកាលតែងតែខិតខំ ប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល បញ្ញាញាណព្រមទាំងធ្វើពលិកម្មបម្រើជាតិគ្រប់បែបយ៉ាង ក្នុងការដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របការដឹកនាំដ៏ប៉ិនប្រសប់ មុតស្រួចប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀតនាឱកាសដ៏សិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា» ៕


