ភ្នំពេញ៖ ឯកឧត្ដម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនអាយុវឌ្ឍនមង្គល។
សារលិខិតគោរពជូនពររបស់ឯកឧត្ដម ជីវ ស៊ុនហេង មានខ្លឹមសារដូចតទៅ៖ «សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លាប្រកបដោយមហានក្ខត្តឫក្សនៃពិធីចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចវិបុលសេនាភក្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមគារវកិច្ចសម្តែងនូវសេចក្តីសោមនស្សរីករាយ សូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ដែលកន្លងមកបានលះបង់ អស់ពីកម្លាំងកាយចិត្ត ពេលវេលា និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយគណបក្ស ដើម្បីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសបម្រើដល់ឧត្តមប្រយោជន៍សង្គមជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាដែនដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយ ថែរក្សា អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា» ៕


