កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ការប្រារព្ធពិធីបុណ្យសាសនានៅថ្ងៃនេះ គឺកើតចេញពីផ្លែផ្កានៃ "សន្តិភាព" ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ។
ការលើកឡើងដូច្នេះក្នុងឱកាសដែល ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅ វត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ការប្រារព្ធពិធីបុណ្យមាឃបូជា គឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យ និងជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជន និងវីរកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិ។ យើងរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គមឱ្យកាន់តែរីកចម្រើន។ ការប្រារព្ធពិធីបុណ្យនេះ មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យទាននានា ៕
















