ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម ដោយ សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើ អាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។
ក្នុងន័យនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្ត មរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមសេចក្ដីប្រកាសព័ត៌មាន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស ដែលបើទោះបីជាក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា បានប្រឈមឧបសគ្គស្មុគស្មាញជះឥទ្ធិពលមកពីកត្តាខាងក្រៅ ប៉ុន្តែបានអនុវត្តតួនាទីភារកិច្ចប្រកដោយ ទំនួលខុសត្រូវ រួមចំណែកសម្រេចកម្មវីធីនយោបាយរាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ៕




