សៀមរាប៖ នាយប់ម៉ោង១២:០៤នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ល្វែង ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវលោកតាណឺយ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។
ក្នុងករណីនេះ បណ្ដាលមកពីផ្ទុះសេរខ្សែភ្លើង ធ្វើឱ្យខូចខាត ផ្ទះល្វែងជួលជាន់ផ្ទាល់ដីសាងសង់ពីថ្មប្រក់ដំបូងស័ង្ហសី អស់ចំនួន១១ ល្វែង និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
ជានិច្ចជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗក្នុងខេត្តសៀមរាប។ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬអាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ៕










