ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស សូមផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសពិធីចម្រើនជន្មាយុ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម ប៉ែន វិបុល មានខ្លឹមសារដូចតទៅ៖ «លោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុរបស់លោក ជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា សូមគោរពជូននូវសព្ទសាធុការពរជ័យ សិរី មង្គល បវរមហាប្រសើរ ជូនចំពោះលោកជំទាវបណ្ឌិត សូមសមប្រកបដោយកម្លាំងមាំមួន សុខភាពល្អ បរិបូរណ៍ ជន្មាយុយឺនយូរ។
ខ្ញុំបាទ សូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅប្រកបដោយកតញ្ញូតាធម៌ យ៉ាងស្មោះស្ម័គ្របំផុតចំពោះលោកជំទាវបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបញ្ញាញាណ ប្រកបដោយភាពស្វាហាប់ សកម្មភាពរស់រវើក ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុមនុស្សធម៌ ដែលជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។ ជាពិសេសលោកជំទាវបណ្ឌិត បានលះបង់ខ្ពស់ ប្តូរផ្តាច់ គាំទ្រសមរភូមិក្រោយយ៉ាងសកម្មដើម្បីពង្រឹងសាមគ្គីភាពជាតិ ដោយទទួលបាននូវកិត្យានុភាពជាតិល្បីរន្ទឺ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្តេចធិបតី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ និងភរិយា» ៕


