ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍តាមបណ្តាញសង្គមផ្ទាល់ខ្លួនលោកថា សង្គមមិនអាចរីកចម្រើនដោយការអង្គុយរង់ចាំយុត្តិធម៌បានឡើយព្រោះយុត្តិធម៌មិនមែនជាអំណោយ ដែលធ្លាក់ចុះមកសម្រាប់អ្នកទន់ខ្សោយ ឬប្រទេសដែលគ្មានអំណាចទេ ប៉ុន្តែជាលទ្ធផលនៃសមត្ថភាព បញ្ញា និងការត្រៀមខ្លួនរបស់មនុស្ស និងជាតិ។ ប្រវត្តិសាស្ត្របានបង្ហាញថា សង្គមដែលរីកចម្រើន គឺសង្គមដែលចេះបង្កើតយុត្តិធម៌ដោយខ្លួនឯង តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងចំណេះដឹង និងការកសាងសមត្ថភាពប្រកួតប្រជែងក្នុងបរិបទសកល។ ការអប់រំត្រូវក្លាយជាគ្រឹះសំខាន់បំផុតសម្រាប់ការកសាងសង្គមរឹងមាំ។ ប្រជាជនគួរត្រូវបានជម្រុញឱ្យសិក្សាឱ្យបានជ្រាលជ្រៅ មិនត្រឹមតែចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងការយល់ដឹងសកល អំពីភាសាបរទេស ច្បាប់អន្តរជាតិ វប្បធម៌ផ្សេងៗ និងសមត្ថភាពគិតវិភាគ។ មនុស្សដែលមានចំណេះដឹងទូលំទូលាយ នឹងមិនរង់ចាំឱកាសឡើយ ប៉ុន្តែអាចបង្កើតឱកាស និងការពារផលប្រយោជន៍របស់ខ្លួន និងសង្គមបានដោយភាពជឿជាក់។
ជាមួយគ្នានេះ ការអភិវឌ្ឍដែលខ្វះឫសគល់វប្បធម៌ និងសីលធម៌ មិនអាចមានចីរភាពបានឡើយ ព្រោះថាវប្បធម៌និងសីលធម៌ ជាមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃប្រកបដោយសភាពបទបែននិងពហុចម្រុះទំនៀមទម្លាប់និងការប្រតិបត្តិសកម្មភាព។ ដូច្នេះប្រជាជនត្រូវតែសិក្សា និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវ មានប្រភពយោងច្បាស់លាស់ និងមានការយល់ដឹងអំពីអត្ថន័យពិតប្រាកដ មិនមែនធ្វើតាមទម្លាប់ ឬជំនឿដោយគ្មានការពិចារណា។ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សិល្បៈ សាសនាវនិងភាសា គឺជាអត្តសញ្ញាណជាតិ ដែលត្រូវការការពារ ការស្រាវជ្រាវ និងការបន្តថែរក្សាដោយការដឹងគុណ និងទំនួលខុសត្រូវ ជាពិសេសចំពោះយុវជនជំនាន់ក្រោយ។
ក្នុងពេលដូចគ្នា ការសិក្សាទ្រឹស្តីសាសនោវាទ មិនគួរត្រឹមតែជាចំណេះដឹងក្នុងសៀវភៅ ឬ សាសនៈពិធីប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រែក្លាយជាមាគ៌ាជីវិតប្រចាំថ្ងៃ។ គោលការណ៍សាសនោវាទ ដូចជា សីលធម៌ មេត្តាករុណា ការអត់ធ្មត់ ការទទួលខុសត្រូវ និងការបណ្តុះបញ្ញាដោយកុសលធម៌ គឺជាគ្រឹះសម្រាប់ការគិត ការនិយាយ និងការធ្វើ ដែលអាចបង្កើតសង្គមមានសុចរិតភាព ការគោរព និងសន្តិភាពពីខាងក្នុង។ ពេលដែលធម៌ត្រូវបានអនុវត្តក្នុងជីវិតប្រចាំថ្ងៃនឹងក្លាយជាកម្លាំងសីលធម៌ដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយឱ្យមានតុល្យភាព ដោយជៀសវាងជម្រុញសាសនោវាទជាការកេងចំណេញតាមរយ:សាសនពិធី ហើយធ្វើឱ្យមនុស្សក្នុងសង្គមយល់ថា សាសនាជាកន្លែងកេងចំណេញប្រយោជន៍នោះឡើយ ហើយមិនបានជួយអ្វីដល់សាសនិក ក្រៅពីការជម្រុញឱ្យមនុស្សខ្ជិល ពឹងលើជំនឿក្រៅខ្លួន និងបាត់បងការខិតខំប្រឹងប្រែងដោយធ្វើឱ្យជីវិតគ្មានទីពឹង។
សរុបជារួមមក សង្គមត្រូវផ្លាស់ប្តូរពីវប្បធម៌ “រង់ចាំ” ទៅវប្បធម៌ “បង្កើត ឬ ប្រតិបត្តិដោយសកម្ម” ដោយផ្អែកលើការអប់រំដែលភ្ជាប់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹងសកល វប្បធម៌ជាតិ និងសាសនោវាទ។ ពេលដែលបុគ្គលមានបញ្ញា មានសីលធម៌ និងមានអត្តសញ្ញាណច្បាស់លាស់ នោះយុត្តិធម៌មិនមែនជាក្តីសង្ឃឹមទេ ប៉ុន្តែជាលទ្ធផលដែលសង្គមអាចកសាងឡើងបានដោយដៃ និងចិត្តរបស់ខ្លួនឯង ៕

