ឯកឧត្តម ឈួរ សុបញ្ញា ថ្លែងហួសចិត្តពេលឃើញករណីសិស្សបង្កើតក្រុមជេរគ្រូ ក្រោយពេលប៉ុន្មានថ្ងៃមុនមានករណីអ្នកគ្រូគប់សៀវភៅសិស្សមួយក្រុមចេញក្រៅថ្នាក់រៀន ដោយសារសិស្សអត់សរសេរមេរៀន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា ថ្លែងហួសចិត្តពេលឃើញករណីសិស្សបង្កើតក្រុមជេរគ្រូ ក្រោយពេលប៉ុន្មានថ្ងៃមុនមានករណីអ្នកគ្រូគប់សៀវភៅសិស្សមួយក្រុមចេញក្រៅថ្នាក់រៀន ដោយសារសិស្សអត់សរសេរមេរៀន


ភ្នំពេញ៖
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានថ្លែងហួសចិត្តថា ក្នុងនាមជាគ្រូបង្រៀន១រូប ហើយជាសិស្សកើតចេញពីគ្រូបង្រៀន១រូប ថ្ងៃនេះចង់និយាយពីបញ្ហាមួយ ដែលមិនមែនជារឿងតូចតាចទេ ប៉ុន្តែជាបញ្ហាដែលប៉ះពាល់ដល់ឫសគល់នៃសង្គម និងអនាគតជាតិរបស់យើង នោះគឺករណីសិស្សបង្កើតក្រុមជេរគ្រូ បន្ទាប់ពីមានហេតុការណ៍គ្រូប្រើអាកប្បកិរិយាមិនសមស្របដោយគប់សៀវភៅសិស្សចេញពីថ្នាក់រៀន មិនមែនជារឿងតូចតាចឡើយ។ វាជាសញ្ញាព្រមានដ៏ធ្ងន់ធ្ងរ បង្ហាញថា សង្គមកំពុងរអិលចេញពីគន្លងសីលធម៌ និងវប្បធម៌គោរពគ្រូបង្រៀន ដែលជាគ្រឹះនៃជាតិខ្មែរ។

ព្រះពុទ្ធត្រាស់សម្តែងថា គរុករោតិ សុខិតោ ហោតិ : អ្នកដែលគោរពអ្នកគួរគោរពនឹងចម្រើន ប្រៀបថា គ្រូបង្រៀន គឺជា “គរុ” អ្នកគួរឲ្យគោរព។ គ្រូមិនមែនជាសត្រូវរបស់សិស្សទេ ប៉ុន្តែជាអ្នកដាំពូជជោគវាសនា ជាអ្នកចម្លាក់ចិត្ត និងជាអ្នកបង្កើតមនុស្សសម្រាប់សង្គមជាតិ។ បើគ្រូត្រូវបានជេរប្រមាថ បើគ្រូត្រូវបានបំបាក់កិត្តិយស នោះការអប់រំជាតិ ក៏ត្រូវរងរបួសដល់ឫសគល់ផងដែរ។ពិតណាស់ គ្រូក៏ជាមនុស្សមានអារម្មណ៍ មានភាពនឿយហត់ និងអាចធ្វើខុសដែរ។ បើគ្រូប្រើអាកប្បកិរិយាមិនសមស្រប នោះត្រូវមានការត្រួតពិនិត្យ កែសម្រួល និងដោះស្រាយតាមផ្លូវអប់រំ និងច្បាប់ដោយស្ថាប័នទទួលបន្ទុក។ តែការយកបណ្ដាញសង្គមធ្វើជាវេទិកាជេរប្រមាថ មិនមែនជាដំណោះស្រាយឡើយ ប៉ុន្តែជាវប្បធម៌បំផ្លាញ មិនមែនវប្បធម៌កែលម្អទេ។

សិស្សទាំងឡាយត្រូវចាំថា ការមិនសរសេរមេរៀន មិនមែនជាសិទ្ធិទេ ប៉ុន្តែជាការខ្វះទំនួលខុសត្រូវ។ ការត្រូវបានទណ្ឌកម្មតាមវិន័យ គឺជាផ្នែកមួយនៃការបណ្តុះបណ្តាល មិនមែនជាការគម្រាមកំហែងឡើយ។ ការតបត្រឡប់ទៅគ្រូវិញដោយការជេរគ្រូ គឺជាការបង្ហាញពីភាពអសីលធម៌ និងការបដិបត្តិផ្ទុយពីទំនៀមទម្លាប់របស់ខ្មែរ ដែលបានលើកតម្កើងគ្រូបង្រៀនជាមាតាបិតាទី២របស់សិស្សគ្រប់គ្នា។ គ្រូបង្រៀន គឺជាព្រះរស់។ ទោះគ្រូមិនមានទ្រព្យ មិនមានអំណាច មិនល្បីល្បាញ តែក្នុងដៃគ្រូ មានអនាគតជាតិទាំងមូល។ ការការពារគុណតម្លៃគ្រូ មិនមែនជាការគាំទ្រអំពើខុសទេ ប៉ុន្តែជាការការពារគ្រឹះសីលធម៌ និងវប្បធម៌ជាតិ។

សង្គមសិស្សទាំងឡាយអើយ ត្រូវតែភ្ញាក់រលឹកឡើងវិញថា បើយើងអនុញ្ញាតឱ្យការជេរគ្រូក្លាយជារឿងធម្មតា នោះថ្ងៃស្អែក ការជេរឪពុកម្តាយ ការជេរចាស់ទុំ និងការជេរអ្នកមានគុណទាំងឡាយ នឹងក្លាយជាវប្បធម៌ថ្មីដ៏គួរឱ្យខ្លាច។ សង្គមដែលបាត់បង់ការគោរព មិនអាចមានសន្តិភាព និងអនាគតរុងរឿងបានឡើយ។

ការបង្កើតក្រុមជេរគ្រូ មិនត្រឹមតែបំពានលើសីលធម៌សង្គម និងវប្បធម៌គោរពគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការខ្វះការយល់ដឹងអំពីការដោះស្រាយបញ្ហាដោយវិធីសន្តិភាព និងមានការទទួលខុសត្រូវ។ គ្រូបង្រៀន ជាអ្នកផ្តល់ចំណេះដឹង និងជាអ្នកបង្កើតអនាគតជាតិ ការបាត់បង់ការគោរពចំពោះគ្រូ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភសម្រាប់សង្គមទាំងមូល។

ករណីខាងលើប្រាប់យើងថា បញ្ហាអប់រំមិនអាចដោះស្រាយដោយការរិះគន់តាមអារម្មណ៍ ឬការវាយប្រហារគ្នាទៅវិញទៅមកបានទេ ប៉ុន្តែត្រូវការជាចាំបាច់នូវការសន្ទនា ការស្តាប់គ្នា និងការប្រើប្រាស់វិធីសាស្ត្រអប់រំផ្លូវចិត្ត និងសីលធម៌។ សាលារៀន គួរតែជាកន្លែងសុវត្ថិភាព សម្រាប់ការរៀនសូត្រ ការបណ្តុះចរិត និងការបង្កើតមនុស្សល្អ មិនមែនជាកន្លែងបង្កើតជម្លោះ និងការឈឺចាប់ផ្លូវចិត្តឡើយ។

ដូច្នេះ សូមសិស្សានុសិស្ស មាតាបិតា គ្រូបង្រៀន និងសង្គមទាំងមូល ឈប់ប្រើអារម្មណ៍ជំនួសប្រាជ្ញា ឈប់ប្រើពាក្យជេរជំនួសការសន្ទនា និងត្រឡប់មករកគុណតម្លៃដើម៖ គោរពគ្រូ ស្តាប់គ្រូ រៀនពីគ្រូគឺជាកែលម្អខ្លួនឯង ព្រោះនៅពេលដែលគ្រូត្រូវបានគោរព នោះសីលធម៌សង្គមទាំងមូលនឹងត្រូវបានលើកកម្ពស់។ព្រះធម៌បានបង្រៀនយើងថា «ធម្មោ ហវេ រក្ខតិ ធម្មចារី» គឺធម៌ការពារអ្នកប្រតិបត្តិធម៌។ នៅថ្ងៃដែលយើងឈរលើធម៌ គោរពគ្រូ គោរពការអប់រំ និងគោរពសេចក្តីពិត នោះថ្ងៃនោះ ធម៌នឹងការពារសង្គម និងអនាគតជាតិរបស់យើង ៕

Previous Post Next Post