ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ សាងសង់បានជាង១៥ភាគរយហើយ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥គ.ម, បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣គ.ម, ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន ៧កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន ១ម៉ឺនតំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថាបនាលើផ្ទៃដី ២០ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ឯកឧត្តម ផន រឹម បានឱ្យដឹងថាទៀតថា បន្ថែមលើទំហំការងារនេះ គម្រោងបានទទួលគោលការណ៍សម្រាប់សិក្សាបច្ចេកទេសគំនូសប្លង់លម្អិតលើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការដំឡើងបណ្តាញបង្ហូរទឹកភ្លៀងផងដែរ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ បានចាប់ផ្តើមសាងសង់នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧ ៕













