កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិមុខចំនួន៥ទីតាំង ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។
រួមមានសពវីរៈកងទ័ព ខាត់ សុខលី នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ, វីរៈកងទ័ព លឹម ថា នៅភូមិពោធិ៍ ឃុំរលាំងចក ស្រុកសំរោង, វីរៈកងទ័ព ជិន ជន នៅភូមិកាកាប ឃុំក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ, វីរៈកងទ័ព សួន អាន នៅភូមិទេពភិរម្យ និងវីរៈកងទ័ព ខុន ប៊ុនថង នៅភូមិអូរក្រសារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ដែលបានពលីជីវិតក្នុងពេលបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ នេះគឺជាការលះបង់ដ៏ធំធេងរបស់គាត់ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។
ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅ គេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុង ទឹកដីខេត្តកំពង់ស្ពឺ។ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំ ប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូន ដល់ក្រុមគ្រួសារនៃសពផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមគោរពដឹងគុណ និងថ្លែងអំណរគុណដល់វីរកងទ័ព ដ៏អង់អាចក្លាហានទាំងអស់ដែលបានលះបង់អស់កម្លាំងកាយចិត្ត ទាំងអាយុជីវិតការពារទឹកដីយើង។ យើងនឹងចងចាំនូវវីរភាពនេះគ្មានថ្ងៃបំភ្លេចឡើយ ជាពិសេសសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណ វីរៈកងទ័ពទាំងអស់ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ៕

















