លិខិតមិត្តអ្នកអាន៖ កូនទាំងឡាយ អាចក្លាយជាពន្លឺ ឬក៏ក្លាយជាភាពងងឹត អាស្រ័យលើរបៀបដែលគាត់ត្រូវបានបណ្ដុះបណ្ដាលពីឳពុកម្តាយ និងសង្គម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លិខិតមិត្តអ្នកអាន៖ កូនទាំងឡាយ អាចក្លាយជាពន្លឺ ឬក៏ក្លាយជាភាពងងឹត អាស្រ័យលើរបៀបដែលគាត់ត្រូវបានបណ្ដុះបណ្ដាលពីឳពុកម្តាយ និងសង្គម


ភ្នំពេញ៖
ការចិញ្ចឹមកូន មិនមែនជាកិច្ចការធម្មតា ឬជាការបំពេញតួនាទីតាមធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែជាភារកិច្ចធំមួយ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងវាសនារបស់គ្រួសារ សង្គម និងជាតិ។ កូនមិនកើតមកជាបំណុលឡើយ ប៉ុន្តែបំណុលកើតឡើងនៅពេលមនុស្សធំមិនបំពេញភារកិច្ចក្នុងការបណ្ដុះបណ្ដាលគាត់ឱ្យក្លាយជាមនុស្សពេញលេញ ទាំងក្នុងចរិយាសាស្រ្ត ពុទ្ធិ បញ្ញា និងសីលធម៌។

បំណុលធ្ងន់ជាងគេ មិនមែនជាបំណុលសេដ្ឋកិច្ចទេ ប៉ុន្តែជាបំណុលតម្លៃ។ កូនដែលធំឡើងដោយគ្មានវិន័យ គ្មានគំរូល្អ និងគ្មានការណែនាំច្បាស់លាស់ នឹងមិនស្គាល់ព្រំដែននៃសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវ។ ពួកគេអាចក្លាយជាមនុស្សដែលចេះតែទាមទារ តែ​មិនចេះបំពេញភារកិច្ច ចេះតែប្រើ តែ​មិនចេះទទួលខុសត្រូវ នោះហើយជាបំណុល ដែលឪពុកម្តាយសងដោយការព្រួយបារម្ភ និងសង្គមសងដោយវិបត្តិ។

ការចិញ្ចឹមកូនឱ្យក្លាយជាសំណាង មិនមែនចាប់ផ្តើមពីការផ្តល់អ្វីគ្រប់យ៉ាងឱ្យកូនទេ ប៉ុន្តែចាប់ផ្តើមពីការបង្រៀនឱ្យកូនស្គាល់ “តម្លៃនៃអ្វីដែលបានទទួល”។ ការបង្រៀនឱ្យអត់ធ្មត់ មិនតែជាការរង់ចាំទេ ប៉ុន្តែជាការគ្រប់គ្រងចិត្ត។ ការបង្រៀនឱ្យខិតខំ មិនត្រឹមតែដើម្បីជោគជ័យទេ ប៉ុន្តែដើម្បីស្គាល់តម្លៃនៃការខិតខំ។ ការបង្រៀនឱ្យទទួលស្គាល់កំហុស មិនមែនដើម្បីបន្ទោសខ្លួនឯងទេ ប៉ុន្តែដើម្បីកែលម្អខ្លួនឯង។

កូនដែលត្រូវបានចិញ្ចឹមដោយសេចក្តីស្រឡាញ់ ដោយមានវិន័យជាគ្រឹះ និងមេត្តាជាផ្លូវដឹកនាំ នឹងធំឡើងក្លាយទៅជាមនុស្សដែលមានសមតុល្យទាំងជីវិតសង្គម(ខ្លួនឯង គ្រួសារ និងជាតិ)និងការងារ។ សេចក្តីស្រឡាញ់ដែលគ្មានវិន័យ គឺបង្កើតភាពអនាធិបតេយ្យ។ វិន័យដែលគ្មានមេត្តា គឺបង្កើតការភ័យខ្លាច ប៉ុន្តែការរួមបញ្ចូលគ្នារវាងមេត្តា និងវិន័យ គឺជាគន្លឹះនៃការបណ្ដុះមនុស្សល្អ។

ក្នុងបរិបទសង្គម កូនម្នាក់មិនមែនជាសមាជិកគ្រួសារតែមួយទេ ប៉ុន្តែពួកគេជាសមាជិកនៃសហគមន៍ និងជាតិ។ បើឳពុកម្តាយទាំងឡាយចាត់ទុកការចិញ្ចឹមកូនជារឿងផ្ទាល់ខ្លួន ដោយមិនគិតពីផលប៉ះពាល់ដល់អ្នកដទៃ នោះគឺជាការបង្កើតបំណុលសង្គម តែបើគ្រួសារបណ្ដុះកូនឱ្យមានស្មារតីសាធារណៈ គោរពច្បាប់ គោរពអ្នកដទៃ និងស្រឡាញ់ជាតិ កូននោះនឹងក្លាយជាសំណាងសម្រាប់សង្គមទាំងមូល។

តាមទស្សនៈពុទ្ធសាសនា ការចិញ្ចឹមកូនឱ្យល្អ គឺជាការសាងបុណ្យដ៏ជ្រាលជ្រៅ។ សីលធម៌ ជាគ្រឹះនៃមនុស្សល្អប្រកបដោយបញ្ញា ជាពន្លឺនាំផ្លូវ និងមេត្តាករុណា ជាអំណាចដែលធ្វើឱ្យមនុស្សរស់រួមគ្នាបានដោយសុខសាន្ត។ កូនដែលមានសីលធម៌ គឺជាការពារកិត្តិយសត្រកូល កូនដែលមានបញ្ញាប្រកបដោយសីលធម៌ គឺជាកម្លាំងអនាគត និងកូនដែលមានមេត្តា គឺជាសេចក្តីសុខរស់រវើកក្នុងសង្គម។

ដូច្នេះ ឳពុកម្តាយទាំងឡាយ កុំចិញ្ចឹមកូនឱ្យក្លាយជាបំណុល ដែលត្រូវសងដោយការព្រួយបារម្ភ និងការស្តាយក្រោយ តែចូរចិញ្ចឹមកូនឱ្យក្លាយជាសំណាង ដែលបន្សល់ទុកកិត្តិយស បន្តគុណធម៌ និបង្កើតអនាគតដ៏រឹងមាំសម្រាប់ត្រកូល សង្គម និងជាតិ ៕
Previous Post Next Post