ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ បានដឹកនាំកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (គ.ជ.អ.ទ.) ដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាកាសនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងឯកឧត្តមលោកជំទាវ រដ្ឋមន្រ្តី ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណៈកម្មាធិការជាតិ និងសមាជិក ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ជាសមាជិក គ.ជ.អ.ទ. ចំនួន ១២០នាក់។
អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលការងារប្រកបដោយភាពវិជ្ជមានដែលសម្រេចបានក្នុងក្របខណ្ឌនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក៏ដូចជាសមិទ្ធផលក្នុងការជំរុញសកម្មភាពទេសចរណ៍កម្ពុជាក្នុងរដូវកាលបៃតងពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៥ ដែលមានកំណើនភ្ញៀវទេសចរជាតិក្នុ្ងងអំឡុង រយៈពេល៥ខែនេះ មានចំនួន ៩,៤៥៩,៤០៥នាក់ កើនឡើងប្រមាណ ៦៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។
ជាមួយគ្នានេះ អង្គប្រជុំក៏បានអបអរសាទរចំពោះការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាកាសម្រាប់ពលរដ្ឋចិនក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយយោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើនេះ, អង្គប្រជុំ ក៏បានស្តាប់របាយការណ៍អំពីការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់អាទិភាពនៅក្នុងខេត្តចំនួន៤ (សៀមរាប, បាត់ដំបង, កំពត និងមណ្ឌលគិរី) និងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាតម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានយកឱកាសនេះ ថ្លែងអំណរគុរណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.ជ.អ.ទ. ដែលបានដឹកនាំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចំពោះគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន កិច្ចសហប្រតិបត្តិការអន្តរជាតិ បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងក្របខណ្ឌអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ជាប់ជាប្រចាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕



























