ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្គ្រាមឈ្លានពានយ៉ាងសាហាវឃោរឃៅព្រៃផ្សៃ របស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមតំបន់ជាច្រើននៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកោះកុង ដែលបានធ្វើឱ្យកងទ័ព និងប្រជាពលរដ្ឋជាជនស៊ីវិល ស្លូតត្រង់ស្លាប់និងរបួសមួយចំនួន ហើយប្រជាជនជាងកន្លះលាននាក់បានរត់ភៀសសឹកទៅកាន់តំបន់ផ្សេងៗ។ ជាមួយគ្នានេះ ភាពឃោរឃៅអសីលធម៌គ្មានសាសនានៃការឈ្លានពានរបស់ថៃនេះ បានបំផ្លាញកំទេចនូវប្រាង្គប្រាសាទបុរាណកម្ពុជា វត្តអារាម សាលារៀន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិរបស់ប្រជាជនស្លូតត្រង់កម្ពុជាអស់ជាច្រើនផងដែរ។
ការឈ្លានពានដ៏ងងើលមិនចេះអៀនខ្មាស់ដោយទង្វើឃោរឃៅសាហាវយង់ឃ្នងរបស់ថៃនេះ គឺជាសកម្មភាពរំលោភ បំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងច្បាស់ជាក់ស្តែង ហើយក៏ជាការរំលោភបំពាន ដោយគឃ្លីនចំពោះគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗកន្លងទៅនេះ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផងដែរ ក្រោមមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការរំលោភឈ្លានពាន ដ៏សាហាវឃោរឃៅរបស់ថៃមកលើកម្ពុជា និងទាមទារឱ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងចំពោះទង្វើឈ្លានពានដ៏កម្រោល អាក្រក់ជួជាតិនេះ និងបញ្ឈប់ជាបន្ទាន់នូវអរិភាពដែលជាគំរូអាក្រក់ដល់ពិភពលោក និងជាការគម្រាមដល់ស្ថិរភាព និងសន្តិភាព ក្នុងតំបន់ទាំងមូល ដើម្បីងាកមកគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ និងស្មោះត្រង់ ស័ក្តិសមនឹងការរស់ដោយសេចក្តីថ្លៃថ្នូរនៅក្នុងសម័យបច្ចុប្បន្ននាសតវត្សរ៍ទី២១ នេះ។
យើងខ្ញុំទាំងអស់គ្នា គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន និងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៕

