ភ្នំពេញ៖ អង្គភាពសារព័ត៌មាន ពន្លឺ ដេលី ញូស៍ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំ ចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ភាគីថៃម្តងហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែង ការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែង ការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ទន្ទឹមនេះ យើងខ្ញុំសូមអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំង ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង ស្របតាមច្បាប់អន្តរជាតិ។
ជាថ្មីម្តងទៀត អង្គភាពសារព័ត៌មាន ពន្លឺ ដេលី ញូស៍ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា ៕


