ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសនៃពិធីអបអរទទួលអំណរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦។
សារលិខិតគោរពជូនពររបស់ឯកឧត្តម ប៉ែន វិបុល មានខ្លឹមសារដូចតទៅ៖ «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមរូបខ្ញុំផ្ទាល់ និងភរិយា ព្រមទាំងសហការី សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃពិធីអបអរទទួលអំណរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦ ដែលនឹងឈាងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សូមបានសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណ វាងវៃ និងមានជន្មាយុយឺនយូរ។
ក្នុងឱកាសដ៏មហាថ្លៃថ្លានេះ យើងខ្ញុំ សូមគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តនូវវីរភាព និងមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងទ្វេរ បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយគ្នានេះក្រោមការដឹកនាំប្រកបដោយទេពកោសល្យ បទពិសោធន៍ គុណធម៌ និងបានការពារដាច់ខាតនូវរាជបល្ល័ង្គ ការពារផលប្រយោជន៍គោលរបស់ជាតិ និងប្រជាជនយើង ជាពិសេសនៅពេលប្រទេសជាតិមានបញ្ហានៃការឈ្លានពីប្រទេសជិតខាង សម្តេចតេជោ តែងនៅរួមសុខរួមទុក្ខជាមួយកងទ័ព និងប្រជាជន។
ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានេះ យើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់សូមប្រកបដោយព្រះពុទ្ធពរ និងពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាទទួលនូវគារវភក្ដីពីយើងខ្ញុំ» ៕


