ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ថោង សុផាត ប្រធានសេនាធិការអានរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារខែវិច្ឆិកា ដែលមន្ត្រីប៉ុស្តិ៍ បានបំពេញជូនអង្គប្រជុំជ្រាប។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានថ្លែងអំណរគុណដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងចូលរួមសហការជាមួយកងកម្លាំងគ្រប់ស្ថាប័ន ការពារសន្តិសុខ សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បាមមានប្រសាសន៍ថា យោងតាមប្រសាសន៍ប្រមុខក្រសួងមហាផ្ទៃ និងឯកឧត្តម អគ្គនាយក កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវលើកកម្ពស់ការងារជំនាញចូលរួមទប់ស្កាត់បទល្មើសនានា រួមមាន លិខិតឆ្លងដែនមិនប្រក្រតី ការរត់ពន្ធមនុស្ស និងករណីជួញដូរគ្រឿងញៀនជាដើម។
ដោយសារបច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប លោកឧត្តមសេនីយ៍ត្រី សុខ ធា បានណែនាំអោយមន្ត្រី បន្តខិតខំសិក្សា និងរៀនសូត្របន្ថែមទៀត ដើម្បីងាយស្រួលក្នុងបំពេញភារកិច្ចប្រចាំថ្ងៃ ក៏ដូចងាយស្រួលដល់ការផ្តល់សេវានានាជូនភ្ញៀវជាតិ និងអន្តរជាតិ។
លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ហាមដាច់ខាតមិនទទួលយកលុយធីបពីភ្ញៀវឡើយ ព្រោះជាកត្តាដែលនាំអោយអាប់ឱនកិត្តិយសប្រទេសជាតិ និងប៉ះពាល់ដល់វិន័យកងកម្លាំងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានណែនាំបន្ថែមដល់ កម្លាំងនគរបាលយើងត្រូវមានឥរិយាបថសមរម្យ ពង្រឹងវិន័យកងកម្លាំង គ្រប់គ្រងកម្លាំង សាមគ្គីផ្ទៃក្នុង និងវេនការងារឲ្យបានល្អ សម្រាប់ធ្វើរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំឲ្យទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕













